
24
Nov, 2020
ប្រជុំពិនិត្យឡើងវិញលើការអនុវត្តនីតិវិធីថ្មីសម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប
នាថ្ងៃ អង្គារ ០៩ កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Video Conference ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន៖ អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង អគ្គាធិការដ្ឋាន ដើម្បីពិនិត្យឡើងវិញលើការអនុវត្តនីតិវិធីថ្មីសម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចាប់ផ្តើមអនុវត្ត ចាប់ពីខែតុលា ឆ្នាំ ២០២០ និង ធ្វើការកែលម្អចំណុចខ្វះខាត មុនពេលពង្រីការអនុវត្តបន្តនៅក្រសួង ចំនួន ០៧ នៅខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ ក្រសួង ចំនួន ០៧ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនីតិវិធីថ្មីនេះ រួមមាន ១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៣-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៤-ក្រសួងមុខងារសាធារណៈ, ៥-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ៦-ក្រសួងសុខាភិបាល, និង ៧-ក្រសួងអប់រំ យុវជន និងកីឡា ។
គួររំលឹកផងដែរថា ក្រសួងចំនួន ០៧ ខាងលើ បានអនុវត្តដោយជោគជ័យលើនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់់តាមប្រព័ន្ធ FMIS ទាំងស្រុង ចាប់ពីខែ សីហា ឆ្នាំ ២០២០ ។ អត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការអនុវត្តនីតិវិធីថ្មីរួមមាន ការកាត់បន្ថយចំណាយរដ្ឋបាល (ប្រើប្រាស់ក្រដាសតិច, ទឹកថ្នាំម៉ាស៊ីនបោះពុម្ពតិច, សម្ភារការិយាល័យតិច ជាដើម), ចំណេញពេលវេលា (មិនមានរត់ឯកសារខាងក្រៅ), បង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ (ប្រើប្រាស់ធនធានមនុស្សតិច) និង បង្កើននូវតម្លាភាព និង គណនេយ្យភាពនៃការអនុវត្តថវិកា (អាចតាមដានបានទាំងស្រុងអំពីស្ថានភាពនៃការអនុវត្តថវិកា និង អ្នកទទួលខុសត្រូវ) ។