
12
Jan, 2016
សកម្មភាពគាំទ្រ និង បង្ហាត់បង្ហាញដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមរតនាគាររាជធានី-ខេត្ត
កាលពីថ្ងៃទី ០៤ ខែ មករា រហូតដល់ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ ក្រុមការងារគម្រោង FMIS រួមមាន មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា, មន្រ្តីនៃ
អគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមការងារទទួលបន្ទុកមុខងារចំនួនប្រាំ, ក្រុមការងារបច្ចេកទេស, និង ក្រុមការងារមុខងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ បានចូលរួមសហការគ្នាធ្វើដំណើរទៅកាន់រតនាគាររាជធានី-ខេត្តចំនួន ៤ គឺ រតនាគាររាជធានីភ្នំពេញ, រតនាគារខេត្តកណ្តាល, រតនាគារខេត្ត
បាត់ដំបង, និង រតនាគារខេត្តប៉ៃលិន ដើម្បីចុះបេសកកម្មគាំទ្រ និង បង្ហាត់បង្ហាញដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្នុងគោលដៅសម្រេចឱ្យបានតាមគោលបំណងនេះដោយរលូន ក្រុមការងារបានធ្វើការបែងចែករតនាគារជាជំហានៗ និង បានបែងចែកគ្នាជា ៤ ក្រុម ចុះបេសកកម្មក្នុងមួយសប្តាហ៍ពេញ ដោយមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា, មន្រ្តីនៃអគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមការងារទទួលបន្ទុកមុខងារទាំងប្រាំ, ក្រុមការងារបច្ចេកទេស ,និង ក្រុមការងារមុខងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ បានបែងចែកគ្នាជាក្រុមៗដើម្បីធ្វើដំណើរទៅកាន់ រតនាគាររាជធានី-ខេត្តគោលដៅស្របតាមផែនការដែលបានគ្រោងទុក ។ ក្នុងដំណើរបេសកម្មនេះ ក្រុមការងារមានគោលបំណងជាសំខាន់ គឺធ្វើការសម្របសម្រួល, បណ្តុះបណ្តាល, និង បង្ហាត់បង្រៀនដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត ឱ្យអ្នកប្រើប្រាស់ប្រព័ន្ធទទួលបានចំណេះដឹង និង ចំណេះធ្វើ ដោយក្នុងនោះក្រុមការងារបានបង្ហាត់បង្ហាញទៅដល់មន្រ្តីពាក់ព័ន្ធដែលជាអ្នកប្រើប្រាស់ប្រព័ន្ធដោយផ្ទាល់ អំពីការប្រើប្រាស់ប្រព័ន្ធដែលតម្រូវឱ្យមន្រ្តីយកកិច្ចការប្រចាំថ្ងៃជាក់ស្តែងមកអនុវត្តតែម្តងនៅក្នុងប្រព័ន្ធ FMIS ។ ទោះបីជាក្រុមការងារបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែលទ្ធផលនៃការអនុវត្តសម្រាប់រតនាគាររាជធានី-ខេត្តទាំង ៤ ជារួមមានដូចខាងក្រោម៖
- មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា និង មន្រ្តីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សហការសម្របសម្រួលដល់ដំណើរការរៀបចំនានាពាក់ព័ន្ធនឹងគោលបំណង និង វត្ថុបំណងរបស់ក្រុមការងារ ដោយសម្រួលឱ្យមានកិច្ចសហការល្អរវាងក្រុមការងាររួម និង មន្រ្តីរតនាគាររាជធានី-ខេត្ត ព្រមជាមួយនឹងកិច្ចការដទៃផ្សេងៗទៀត ។
- ក្រុមការងារគ្រប់គ្រងមុខងារ បានចូលរួមបង្ហាត់បង្ហាញដល់មន្រ្តីពីនីតិវីធីក្នុងការប្រើប្រាស់ប្រព័ន្ធ និង តម្រូវការឯកសារពាក់ព័ន្ធផ្សេងៗដែលចាំបាច់ដើម្បីបញ្ចូលក្នុងប្រព័ន្ធសម្រាប់មុខងារចំនួនប្រាំ (សៀវភៅធំ, វិភាជន៍ថវិកា, គណនីត្រូវទារ, គណនីត្រូវសង, និង គ្រប់គងសាច់ប្រាក់) ដោយមានការគាំទ្រតិចតួចពីក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ។ ក្នុងនោះរតនាគាររាជធានី-ខេត្តចំនួន ៣ គឺរតនាគាររាជធានីភ្នំពេញ, រតនាគារខេត្តបាត់ដំបង, និង រតនាគារប៉ៃលិនបានទទួលបានប្រតិបត្តិការមួយចំនួន ដូចនេះក្រុមការងារទទួលបន្ទុកមុខងារបានសហការជាមួយនឹងមន្រ្តីពាក់ព័ន្ធអនុវត្តដាក់ចូលក្នុងប្រព័ន្ធ ។ បន្ថែមពីលើនេះ ក្រុមការងារ ក៏បានជួយប្រមែប្រមូលទិន្នន័យដើម្បីធ្វើ Data Conversion ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ ។ យ៉ាងណាក្តី ក្រុមការងារបានជួបប្រទះនូវបញ្ហាប្រឈមខ្លះៗ ដូចជា ភាពរអាក់រអួលក្នុងការប្រើប្រាស់, មន្រ្តីនៅពុំទាន់យល់ដឹងច្បាស់ពីរបៀបក្នុងការអនុវត្តការងារនៅក្នុងប្រព័ន្ធ (ពុំទាន់មានការឯកភាពគ្នាគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងទិន្នន័យដែលត្រូវបញ្ចូលក្នុងប្រព័ន្ធ….), សមត្ថភាពរបស់ក្រុមការងារផ្គត់ផ្គង់ប្រព័ន្ធនៅមានកម្រិត និង ភាពមមាញឹកយ៉ាងខ្លាំងពាក់ព័ន្ធនឹងកិច្ចការងារប្រចាំថ្ងៃដែលនៅសេសសល់ពីឆ្នាំចាស់ និង ការកត់ត្រាជាន់គ្នាច្រើនដង (ក្នុង Excel, ក្នុងប្រព័ន្ធ KIT, និង Web Portal) ។
- ក្រុមការងារបច្ចេកទេសគមនាគមន៍ និង ព័ត៌មានបានដំឡើងម៉ាស៊ីនព្រីន (Printer) និង បង្ហាត់បង្ហាញដល់មន្រ្តីពីរបៀបប្រើប្រាស់ម៉ាស៊ីនព្រីន, របៀបពិនិត្យមើល, របៀបដោះស្រាយបញ្ហាចំពោះប្រព័ន្ធកុំព្យូទ័រ, របៀបពិនិត្យមើលបណ្តាញតភ្ជាប់ (អ៊ីនធឺណែត និង ខ្សែបណ្តាញ) និង ចូលរួមសហការសម្របសម្រួលជាមួយក្រុមការងារមុខងារ ។ ទន្ទឹមនឹងនោះដែរ ក្រុមការងារក៏បានធ្វើការបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធ Help Desk ដើម្បីជាជំនួយដល់មន្ត្រីក្នុងការបញ្ជូននូវបញ្ហាប្រឈមនានាដែលអាចនឹងជួបប្រទះនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ព្រមជាមួយនឹងការណែនាំពីនីតិវិធីសំខាន់ៗចំពោះការការពារ និង របៀបថែរក្សាឧបរកណ៍ និង សម្ភារៈអេឡិចត្រូនិច ។
សរុបជារួម ក្រុមការងារផ្នែកមុខងារ និង បច្ចេកទេស បានខិតខំប្រឹងប្រែងក្នុងការគាំទ្រការប្រើប្រាស់ប្រព័ន្ធ FMIS ហើយមន្រ្តីរតនាគាររាជធានី-ខេត្តក៏បានខិតខំក្រេបជញ្ជក់ចំណេះដឹង និង ចំណេះធ្វើដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងប្រើប្រាស់ប្រព័ន្ធ FMIS ។ យ៉ាងណាមិញ ដោយសារពេលវេលាចុះគាំទ្រ និង បង្ហាត់បង្ហាញមានរយៈពេលខ្លី, មន្រ្តីពាក់ព័ន្ធមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការកត់ត្រាជាន់គ្នាច្រើន, សមត្ថភាពក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់មានកម្រិតខ្លាំង, និង បញ្ហានានាដូចបានរៀបរាប់ខាងលើ ធ្វើឱ្យលទ្ធផលពុំបានល្អប្រសើរស្របតាមការរំពឹងទុក ១០០% នោះទេ ។ ជាមួយគ្នានេះមន្រ្តីដែលជាអ្នកប្រើប្រាស់បានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជួយគាំទ្រ និង បង្ហាត់បង្ហាញបន្ថែមទៀតនៅពេលក្រោយដើម្បីឱ្យមន្រ្តីមានសមត្ថភាពពេញលេញ និង គ្រប់ជ្រុងជ្រោយក្នុងការអនុវត្តការងារនៅក្នុងប្រព័ន្ធ FMIS ដែលជាទីទុកចិត្តសម្រាប់សម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរតនាគាររាជធានី-ខេត្ត ។ ក្រោយបញ្ចប់បេសកកម្មលើកទីមួយនេះ ក្រុមការងារគាំទ្ររបស់នាយកដ្ឋានព័ត៌មានវិទ្យាបានបើកកិច្ចប្រជុំផ្ទៃក្នុងនៅថ្ងៃចុងសប្តាហ៍ ដើម្បីស្វែងរកយុទ្ធសាស្រ្តគន្លឹះសម្រាប់ត្រៀមដោះស្រាយបញ្ហាទាំងអស់នេះនៅក្នុងការអនុវត្តបេសកកម្មនៅសប្តាហ៍បន្តបន្ទាប់ ៕