
21
Apr, 2018
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន៖ ប្រព័ន្ធ FMIS ជាក្របខ័ណ្ឌមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើររួមទាំងកាត់បន្ថយចំណាយក្រៅផ្លូវការពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុ
(ភ្នំពេញ)៖ “ខ្ញុំរពឹងថានៅពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណើរការពេញលេញ នោះការគ្រប់គ្រងចំណាយថវិការដ្ឋនឹងកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពល្អប្រសើរថែមទៀត” នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងការបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល។
សម្តេចបានបន្តទៀតថា ប្រព័ន្ធ FMIS នឹងជួយផ្តល់ព័ត៌មានយ៉ាងពេញលេញ និងទាន់ពេលវេលាអំពីស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការវិភាគ និងធ្វើសេចក្តីសម្រេចចិត្តក្នុងការបែងចែក និងប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ស្របពេលជាមួយគ្នានេះដែរ តំណាងដៃគូអភិវឌ្ឍន៍ប្រចាំកម្ពុជា ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរពីការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក Frank Viault ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ីរ៉ុបបានបញ្ជាក់បន្ថែមថា ប្រព័ន្ធ FMIS នឹងផ្តល់ជាមូលដ្ឋានសម្រាប់ការធ្វើទំនើបកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈទាំងមូល។ លោកមានជំនឿជាក់ថា ប្រព័ន្ធ FMIS នឹងផ្តល់ព័ត៌មានហិរញ្ញវត្ថុបានត្រឹមត្រូវ ទាន់ពេលវេលាដែលនេះជាគ្រឹះសំខាន់សម្រាប់ថ្នាក់ដឹកនាំងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវផ្តល់ផលប្រយោជន៍ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS ទទួលបានជោគជ័យក្នុងការដាក់ឱ្យអនុវត្តក្នុងជំហានទី១ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្តទាំង២៥ កាលពីឆ្នាំ២០១៧ និងក្នុងជំហានទី២ បានអនុវត្តជាមួយក្រសួងចំនួន១០ កាលពីដើមឆ្នាំ២០១៨ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងប្រៃសណីយ៍ ក្រសួងបិរស្ថាន ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ និងកំពុងបន្តអនុវត្តជាមួយក្រសួង១០ ផ្សេងទៀតមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងទេសចរណ៍ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ លើមុខងារស្នូលចំនួន៤ គឺមុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ៕