
3
Jan, 2022
សម្តេចតេជោនាយករដ្ឋមន្ត្រី៖ ខ្ញុំយកឆ្នាំថ្មីនេះជំរុញកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្តីអំពីការប្រើប្រាស់ថវិកា
មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យបណ្តាស្ថាប័ន ទាំងគ្រប់ស្ថាប័នថ្នាក់ជាតិ និងជាពិសេសគឺថ្នាក់ក្រោមជាតិ ត្រូវអនុវត្តដោយម៉ឺងម៉ាត់នូវបទដ្ឋានទាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយត្រូវធ្វើឱ្យបានល្អ និងបានត្រឹមត្រូវនៅដើមឆ្នាំ ២០២២ នេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ខ្ញុំយកឆ្នាំថ្មីនេះជំរុញកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្តីអំពីការប្រើប្រាស់ថវិកា” ។ បន្ថែមពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឱ្យឈប់នូវការឱ្យក្រុមហ៊ុនឯកជនធ្វើមុន និងទូទាត់តាមក្រោយ ហើយអ្នកដែលមានសមត្ថកិច្ចខ្ចី គឺមានតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែមួយគត់ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឲ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និង តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ កាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និង គណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។