
28
Jan, 2021
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូទាត់សាច់ប្រាក់ពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធនាគារកាណាឌីយ៉ាតាមរយៈប្រព័ន្ធ EFT សម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្តទាំង ២៥
នៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី “ការទូទាត់សាច់ប្រាក់ពីប្រព័ន្ធ FMIS ទៅប្រព័ន្ធធនាគារកាណាឌីយ៉ា តាមរយៈប្រព័ន្ធ EFT សម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្តទាំង ២៥” ក្នុងគោលបំណងពង្រីកការអនុវត្តការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (EFT) ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្តទាំង ២៥។ វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើការទូទាត់សាច់ប្រាក់សម្រាប់មុខងារគណនីត្រូវសង (AP) និង ការផ្ទេរសាច់ប្រាក់សម្រាប់មុខងារគ្រប់គ្រងសាច់ប្រាក់ (CM) ។
ប្រព័ន្ធ EFT នឹងជួយពន្លឿនដល់ការទូទាត់ និងការផ្ទេរសាច់ប្រាក់ជូនក្រសួង-ស្ថាប័ន និងក្រុមហ៊ុនផ្គត់ផ្គង់ បានឆាប់រហ័ស ព្រមទាំងចូលរួមលុបបំបាត់ការបោះផ្សាយមូលប្បទានប័ត្រ ។
បច្ចុប្បន្ន ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការស្ទើរតែគ្រប់អង្គភាពស្នូលដែលទទួលបន្ទុកហិរញ្ញវត្ថុនិងថវិកានៅទូទាំងប្រទេសទៅហើយចាប់តាំងពីឆ្នាំ ២០១៦ រួមមាន អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នទាំងអស់ចំនួន ៣៧, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្ដាលចំនួន ២៥, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, និង រតនាគាររាជធានី-ខេត្តទាំង ២៥ ។ បន្ថែមពីនេះ ប្រព័ន្ធ FMIS ក៏បានភ្ជាប់សន្ធានកម្មរួចរាល់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀតដែលមានទំនាក់ទំនងនឹងគ្នា ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងប្រព័ន្ធអេឡិចត្រូនិកគយ (ASYCUDA និង E-Customs) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ (DMFAS) របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS), ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា (NBC) និង ប្រព័ន្ធធនាគាររបស់ធនាគារពាណិជ្ជដៃគូ (រួមមាន អេស៊ីលីដា (ACLEDA), កាណាឌីយ៉ា (CANADIA), ជេថ្រាស់ (JTRUST), កម្ពុ (CAMPU) វឌ្ឍនៈ (VATTANAC) និង ធនាគារស្ថាបនា (SATHAPANA) ។ ដោយឡែកចំពោះការទូទាត់ចេញពីប្រព័ន្ធ FMIS តាមប្រព័ន្ធអេឡិចត្រូនិក ដែលហៅថា “EFT-Electronic Fund Transfer” ទៅកាន់ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០១៨ នៅរតនាគារថ្នាក់កណ្តាល ។