+855 23 43 00 63

14

Mar, 2024

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការផ្តល់អត្តប្រយោជន៍ពិសេសជូនវិនិយោគិន និង ធុរជន”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការផ្តល់អត្តប្រយោជន៍ពិសេសជូនវិនិយោគិន និង ធុរជន” ស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និង វិស័យឯកជន ដែលរួមមានវិនិយោគិន និង ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និង ឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ម្ចាស់អគារជាប់គាំង សរុបប្រមាណ ១៨០ នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ពន្យល់ច្បាស់ និង ត្រឹមត្រូវអំពីកម្មវិធីពិសេស, លើកទឹកចិត្ត និង ជំរុញវិនិយោគិន និង ធុរជនដាក់ពាក្យស្នើ, និង រៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស ។

ថ្ងៃនេះ, ក្រុមការងាររៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីធ្វើឱ្យមានលក្ខណៈសាមញ្ញ និង បង្កលក្ខណៈងាយស្រួល ដល់អ្នកចូលរួម ពិសេសវិនិយោគិន និង ធុរជន អាចចូលរួមក្នុងការលើកឡើងនូវមតិ ឬ សំណួរ និង ការស្នើផ្សេងៗ ដោយចំហរ ដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ ជាមួយនេះ, ក្រុមការងារ និង មន្ត្រីជំនាញពីក្រសួងស្ថាប័ន ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មាន, ប្រឹក្សាយោបល់ និង ជួយសម្របសម្រួល សំដៅដោះស្រាយសំណូមពរ និង បង្កបរិយាសល្អប្រសើរ ពិសេស ការបង្កើនជំនឿទុកចិត្តវិនិយោគ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលស្នើសុំ និង អនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖ ១) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង, និង ៣) ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ។ ដោយផ្អែកលើប្រភេទគម្រោងទាំងនេះ, រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេសនេះ ទទួលបានជោគជ័យក៏អាស្រ័យទៅលើការចូលរួម និង ការជឿទុកចិត្តពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាល ថានឹងគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ និង ពេញលេញ ។ ក្រុមការងារដែលត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាល ឱ្យដឹកនាំ និង សម្របសម្រួលការអនុវត្តកម្មវិធីពិសេសនេះ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីពិសេសនេះយ៉ាងសកម្ម និង ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា វិស័យឯកជននឹងទទួលបានអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល ។ ទន្ទឹមនេះ, ក្រុមការងារនឹងរង់ចាំគាំទ្រ និង ជួយវិនិយោគិន និង ធុរជន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ឬ ធ្វើសកម្មភាពធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ ។

ក្នុងស្មារតីនេះ, ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕