+855 23 43 00 63

14

Mar, 2024

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្តពិសេស របស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក និង មន្ត្រីជំនាញដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។

 

ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹកចិត្តពិសេស និង ការសម្រួលនីតិវិធី ។ គម្រោងទាំង ៥ នេះ រួមមាន៖ ១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ, ៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ, ៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ជារួម, ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤ ។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និង ជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និង ធុរកិច្ច ដោយរលូន ។

សូមជម្រាបជូនថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និង សម្រេចលើការផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម) ។ សម្រាប់ខែ មីនា និង ជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និង កំពុងទទួល និង ពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ។ កិច្ចការទាំងនេះ ទទួលបានការគាំទ្រ និង ការចូលរួមសហការល្អពីក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕