+855 23 43 00 63

9

May, 2016

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានអនុម័ត លើឯកសារនីតិវិធីអនុវត្តស្តង់ដារ S001 ដល់ S009

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៦  ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុម័តដាក់ឱ្យប្រើប្រាស់ ឯកសារ “នីតិវិធីអនុវត្តស្តង់ដារ ចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ S001 ដល់ S009” ជាផ្លូវការ ។

នេះជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ការអនុវត្តគម្រោង FMISទាំងមូល ដែលវាមានតួនាទីសំខាន់ក្នុងការចង្អុលបង្ហាញអំពីលំហូរនីតិវិធីអនុវត្តការងារ និងភាគីពាក់ព័ន្ធចាប់ផ្តើមពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ  ក្នុងគោលបំណងកាត់បន្ថយ និង សម្រួលនីតិវិធីអនុត្តការងារមួយចំនួនដែលពុំផ្តល់តម្លៃបន្ថែម  ក៏ដូចជាពង្រឹងការអនុវត្តតួនាទី និង មុខងារច្បាស់លាស់  ដើម្បីបង្កើនប្រសិទ្ធិភាព និង ផលិតភាពខ្ពស់ក្នុងការអនុវត្តការងារជាមួយប្រព័ន្ធ FMIS ។

គូសបញ្ជាក់បន្ថែមថា នីតិវិធីអនុវត្តស្តង់ដារ S001 ដល់ S009 នេះ គឺជាឯកសារនីតិវិធីអនុវត្តស្តង់ដារចំនួន ៩ ដំបូង ក្នុងចំណោមឯកសារនីតិវិធីអនុវត្តស្តង់ដារជាង១០០  ដែលអគ្គនាយកដា្ឋនពាក់ព័ន្ធគន្លឹះក្នុងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវរៀបចំចងក្រង ដើម្បីជាមូលដ្ឋានគតិយុត្តសម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធ អនុវត្តការងាររបស់ខ្លួនជាមួយនឹងប្រព័ន្ធ FMIS ប្រកបដោយសង្គតិភាព, សុក្រឹតភាព,  គុណភាព, គណនេយ្យភាព និង រហ័សទាន់ពេលវេលា ដែលនឹងជួយកាត់បន្ថយកំហុសឆ្គងទាំងការងារនៅក្រៅ និង នៅក្នុងប្រព័ន្ធ FMIS។  ឯកសារនីតិវិធីអនុវត្តស្តង់ដារ S001ដល់ S009នេះ ត្រូវបានកំណត់ថាជាឯកសារនីតិវិធីស្តង់ដារ គំរូ សម្រាប់នីតិវិធីអនុវត្តស្តង់ដារដែលនៅសេសសល់ដទៃទៀតត្រូវយកគំរូតាម ។ នេះគឺជាយន្តការមួយដើម្បីពន្លឿនការចងក្រងនីតិវិធីអនុវត្តស្តង់ដារដែលនៅសេសសល់ទាំងអស់ឱ្យបញ្ចប់យ៉ាងឆាប់រហ័សនៅមុនដំណាច់ខែឧសភា ឆ្នាំ២០១៦ ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានពត៌មានវិទ្យា នឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង ស៊ីជម្រៅបន្ថែមជូនដល់អគ្គនាយកដ្ឋាន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងឡាយ។ ទន្ទឹមនឹងនោះ ក្រុមការងារនឹងធ្វើការសម្របសម្រួលក្នុងការបន្តចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារបន្ថែមដែលនៅសេសសល់ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះ ដើម្បីជម្រុញ និង គាំទ្រការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យដំណើរការប្រកបដោយភាពរលូន, ប្រសិទ្ធភាព, និង ភាពជោគជ័យ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលបន្តបន្ទាប់ ស្របតាមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ដែលនឹងដាក់ជូនចំពោះប្រជាពលរដ្ឋ, ប្រមុខរាជរដ្ឋាភិបាល, ក្រសួងស្ថាប័ន, និង ដៃគូអភិវឌ្ឍន៍។