+855 23 43 00 63

24

Nov, 2023

ដំណើរទស្សនកិច្ចសិក្សាស្តីពី“ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន” នៅ Customer Briefing Center (CBC) នាទីក្រុងតូក្យូ ប្រទេសជប៉ុន

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងទិសដៅគិតគូរយ៉ាងយកចិត្តទុកដាក់អំពីការគ្រប់គ្រងសុវត្ថិភាពរបស់ FMIS និង សិក្សាពីទំនើបកម្មនៃសុវត្ថិភាពបច្ចេកវិទ្យាព័ត៍មាននាពេលបច្ចុប្បន្ន, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមដំណើរទស្សនកិច្ចសិក្សា  ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យពង្រឹងយន្តការគ្រប់គ្រងសុវត្ថិភាព និង ទទួលបានធាតុចូលបន្ថែមសំខាន់ៗ សម្រាប់ការរៀបចំនូវមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព ( Security Operation Center- SOC) របស់ FMIS ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដាអន្តរជាតិ ។ ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណ: ដែលប្រព្រឹត្តទៅនៅ Customer Briefing Center (CBC) របស់ក្រុមហ៊ុន Fortinet នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ២៣ ដល់ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង លើផលិតផលជាដំណោះស្រាយផ្នែកសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានដ៏មានប្រសិទ្ធភាព និង មានការទទួលស្គាល់ជាអន្តរជាតិ ។

ជាលទ្ធផល លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធបានទទួលនូវចំណេះដឹងជាច្រើនអំពី ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន បន្ទាប់ពីការចែករំលែកនូវបទពិសោធន៍ល្អៗ ពីតំណាងក្រុមហ៊ុនរួមមាន៖

– ការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាបែបឧត្តមានុវត្តន៍

– ដំណើរការនៃការអនុវត្តទំនើបកម្មរបស់ មជ្ឈមណ្ឌលប្រតិបត្តិសុវត្ថិភាព

– យន្តការគន្លឹះៗនៃភាពជោគជ័យសម្រាប់ដំណើការប្រព័ន្ធសុវត្ថិភាព

– ការបង្ហាញផ្ទាល់អំពីផ្ទាំងគ្រប់គ្រងសុវត្ថិភាព តាមរយៈ ការប្រើប្រាស់ Dashboard ដ៏ទំនើប និង

– ភាពចាំបាច់នានា ដែលពុំអាចខ្វះបានពីការរៀបចំ និង ពង្រឹងលើការគ្រប់គ្រងទាំងសុវត្ថិភាពបច្ចេកវិទ្យា ទាំងនីតិវិធីអនុវត្តការងារ រួមទាំងធនធានមនុស្សផងដែរ ។

ចំណេះដឹងដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សានេះ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបន្តពង្រីកវិសាលភាពប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានរបស់ FMIS ដែលជាទិសដៅសម្រាប់ធានាបាននូវចីរភាពនៃដំណើរការ និង ការប្រើប្រាស់ FMIS ដែលជាឧបករណ៍ស្នូលដ៏ចាំបាច់គាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕