+855 23 43 00 63

20

Sep, 2019

ស៊ុយ អែត បង្ហាញជំហរគាំទ្រចំពោះការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា និងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់រាជធានីស្តុកខុម នៃព្រះរាជាណាចក្រស៊ុយអែតស្ដីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” លោក Johannes Ojelund អគ្គនាយកផ្នែកអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួប និង ស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សហការី នៅក្នុងទីស្ដីការក្រសួងការបរទេសស៊ុយអែតនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩។ នៅក្នុងជំនួបនេះ លោក Johannes បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និង បានបង្ហាញអំពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែតចំពោះការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាលកម្ពុជា និង បន្តការគាំទ្រកម្ពុជានៅក្នុងការលើកកម្ពស់វិស័យអប់រំ, សុខាភិបាល, បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គម្រោង FMIS) នៅកម្ពុជា។

ក្នុងខណៈនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបលោក Johannes និង សហការីអំពីវឌ្ឍនភាពនៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច ជាពិសេសគឺការបន្តអនុវត្តគម្រោង FMIS ជំហានទី២ ដែលជិតមកដល់គោលដៅរបស់ខ្លួននៅឆ្នាំ ២០២០ ហើយដែលគម្រោងនេះគឺជាឆ្អឹងខ្នង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងជួយដល់ការពង្រឹងនូវតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និង ប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងនិងអនុវត្តថវិកានៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់សម្រាប់កម្ពុជាគឺស្ថិរភាពនយោបាយ និង សុខសន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាលស៊ុយអែតដែលបានផ្ដល់ជំនួយសហប្រតិបត្តិការជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗដូចបានរៀបរាប់ខាងលើក្នុងរយៈពេលដ៏យូរមកហើយ ដោយមិនបានប្រកាន់នូវជំហរផ្នែកនយោបាយ, រក្សាបាននូវអព្យាក្រឹតភាព និង ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូច្នេះឯកឧត្តមបណ្ឌិតសភាចារ្យបាន ស្នើសុំឱ្យរាជរដ្ឋាភិបាលស៊ុយអែតបន្តរក្សានូវជំហរនេះ ដោយយកទំនាក់ទំនងសាមគ្គីភាពរវាងប្រជាពលរដ្ឋស៊ុយអែត និង កម្ពុជាជាមួយនឹងការជួយដោយស្មោះស្ម័គ្រដល់ប្រជាពលរដ្ឋកម្ពុជាជាកត្តាចម្បងបន្តទៀត។

តំណាងភាគីស៊ុយអែតបានឯកភាពចំពោះការលើកឡើងនេះ និង បានបង្ហាញនូវឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច និង សង្គម។ ចំពោះការអនុវត្តគម្រោង FMIS ក្រសួងការបរទេសស៊ុយអែតតាមរយៈភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអែត (Sida – Sweden International Development Agency) នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសហគមន៍អឺរ៉ុបក្នុងការគាំទ្រគម្រោងនេះឱ្យទទួលបានជោគជ័យនៅគ្រប់ដំណាក់កាលជាបន្តបន្ទាប់។

គួរឱ្យកត់សម្គាល់ថាទីភ្នាក់ងារ Sida នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវបានរាជរដ្ឋាភិបាលដាក់សំណើបន្ថែមថវិកា ប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ការគាំទ្រដល់ការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិសម្រាប់ការអនុវត្តនៅឆ្នាំខាងមុខ ។