+855 23 43 00 63

11

Jan, 2017

ក្រុមការងារគ្រប់គ្រងគម្រោងពិភាក្សាផែនការគម្រោងជំហានទី២

ដោយ៖: | Tags: , , , , | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីផ្ដល់ព័ត៌មានអំពីបច្ចុប្បន្នភាព ក៏ដូចជាទាញយកធាតុចូលបន្ថែម ពីអគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធគន្លឹះនានា និងដើម្បីរៀបចំសមាសភាពក្រុមការងារគ្រប់គ្រងគម្រោងថ្មី ជាការត្រៀមខ្លួនពង្រីកការអនុវត្តគម្រោងក្នុងជំហានទី២ ទៅតាមក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ នៅសាលប្រជុំធំ អាគារធំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្រោយពីបានមើលឃើញអំពីបច្ចុប្បន្នភាពនៃគម្រោង និងផែនការព្រាងនៃការអនុវត្តគម្រោងក្នុងជំហានទី២ ឯកឧត្ដម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានថវិកា ក្នុងការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបង្កើតក្រុមការងារបច្ចេកទេសដើម្បីធ្វើការដោយផ្ទាល់ជាមួយនឹងក្រុមការងារជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា និងក្រសួង-ស្ថាប័នដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។ បន្ថែមលើនេះទៅទៀត ឯកឧត្ដមបានជំរុញឱ្យមានការសិក្សាស៊ីជម្រៅលើនីតិវិធីអនុវត្តការងារប្រចាំថ្ងៃរបស់ក្រសួង-ស្ថាប័នទាំងអស់ទុកជាមុន ដើម្បីធានាឱ្យលំហូរការងារក្នុងប្រព័ន្ធនឹងធ្វើឡើងដោយរលូន។ ដោយឡែក ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានថ្លែងចំណាប់អារម្មណ៍លើការបន្តពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងជំហានទី១ នៅតាមរតនាគាររាជធានី-ខេត្ត និងអគ្គនាយកដ្ឋានក្រសួង ដើម្បីរក្សាភាពជោគជ័យក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលអន្តរកម្មឈានទៅការអនុវត្តក្នុងជំហានបន្ទាប់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាល និងជ្រើសតាំងគ្រូឧទ្ទេស ដែលអាចបណ្តុះបណ្តាល ឬធ្វើបទបង្ហាញពីការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលមានផ្នែក ថវិកាកម្មវិធី និងប្រព័ន្ធ FMIS ប្រចាំក្រសួង សម្រាប់ជួយសម្រួល និងដោះស្រាយបញ្ហានានាទាក់ទងលើការអនុវត្តការងារប្រចាំថ្ងៃលើប្រព័ន្ធ FMIS។ ទោះជាយ៉ាងណា ក្រុមការងារនឹងធ្វើការពិភាក្សាស៊ីជំរៅបន្ថែមលើបញ្ហានេះ មុននឹងឈានដល់ការស្នើសុំគោលការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ជាចុងបញ្ចប់ អង្គប្រជុំបានពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគម្រោងសារជាថ្មី ដោយព្យាយាមកាត់បន្ថយសមាសភាពសមាជិកក្រុមការងារ និងពង្រឹងបន្ថែមនូវការចូលរួមយ៉ាងបុរេសកម្មរបស់ក្រុមងារនេះ សំដៅជំរុញការអនុវត្តគម្រោងក្នុងជំហានទី២ ធ្វើទៅបានប្រកបដោយភាពជោគជ័យ។

ព័ត៌មានលម្អិត