
14
Sep, 2023
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ស្តីពី វឌ្ឍនភាពទម្រង់របាយការណ៍ស្តង់ដារួមក្នុងឆ្នាំ ២០២៣
ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ពិភាក្សាលើកម្រិតបច្ចេកទេសស្តីពី វឌ្ឍនភាពទម្រង់របាយការស្តង់ដារួមក្នុងឆ្នាំ ២០២៣ ជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
នៅក្នុងអង្គប្រជុំ តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញស្តីពី ទម្រង់របាយការណ៍ដែលបានអភិវឌ្ឍកន្លងមក និង កំពុងអភិវឌ្ឍក្នុងឆ្នាំ ២០២៣ នេះ ដែលក្នុងនោះ ក្រុមការងារបានគ្រោងអភិវឌ្ឍរបាយការណ៍ស្តង់ដារួមចំនួន ៣ ក្នុង FMIS ដែលរួមមាន៖
១. របាយការណ៍សម្រាប់ថ្នាក់ក្រោមជាតិ (R83)
២. របាយការណ៍សម្រាប់ថ្នាក់ជាតិ (R85)
៣. របាយការណ៍សម្រាប់ថ្នាក់ក្រោមជាតិ (R86)
ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរំលេចបន្ថែមអំពីវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបាយការណ៍ផងដែរ ក្នុងនោះ ក្រុមការងារបានប្រមូលធាតុចូលសំខាន់ៗ រួមមាន៖ សារាចរណែនាំស្តីពីទម្រង់របាយការណ៍, ទម្រង់របាយការណ៍ដែលក្រសួង-ស្ថាប័ន និង មន្ទីរជំនាញបានរៀបចំ, ឯកសារតម្រូវការការងារ និង សិក្សាអំពីលក្ខខណ្ឌចាប់យកទិន្នន័យនៃរបាយការណ៍ ជាមួយនឹងការរៀបចំ និង អភិវឌ្ឍទម្រង់ប៉ារ៉ាម៉ែត្រនៅក្នុងប្រព័ន្ធ ផងដែរ ។
ជាលទ្ធផល ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលធាតុចូលថ្មីៗ, ដំណោះស្រាយទៅលើបញ្ហាដែលក្រុមការងារបច្ចេកទេសជួបប្រទះ និង ការណែនាំបន្ថែម ពី ឯកឧត្តមអគ្គនាយក ដើម្បីបន្តការអភិវឌ្ឍទម្រង់របាយការណ៍ស្តង់ដារួមក្នុងឆ្នាំ ២០២៣ សម្រាប់ដាក់ជូនក្រសួង-ស្ថាប័ន (របាយការណ៍សម្រាប់ថ្នាក់ជាតិ R85) និង រដ្ឋបាលថ្នាក់ក្រោមជាតិ (របាយការណ៍សម្រាប់ថ្នាក់ក្រោមជាតិ R84 និង R86) ។