+855 23 43 00 63

20

Jun, 2019

EU វាយតម្លៃខ្ពស់និងបង្ហាញជំហរយ៉ាងមុតមាំក្នុងការគាំទ្រគម្រោង FMIS នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

តំណាងសហគមន៍អឺរ៉ុបបានវាយតម្លៃខ្ពស់ និង នៅតែមានជំហរយ៉ាងមុតមាំក្នុងការគាំទ្រការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

បេសកកម្មពិនិត្យវាយតម្លៃលើលទ្ធផលនៃអនុវត្តសូចនាករសមិទ្ធកម្មក្នុងការប្រើប្រាស់មូលនិធិគាំទ្រឧបត្ថម្ភដោយសហភាពអឺរ៉ុបប្រចាំត្រីមាសទី១ ប្រចាំឆ្នាំ ២០១៩ ដែលមានលោក DUBROST Sebastien និង លោក CASTILLO Javier  បានធ្វើការងារពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS សម្រាប់រយៈពេល ៥ ខែ កន្លងទៅនេះ ដោយផ្ដោតជាសំខាន់ទៅលើ ៖ ១-ការងារពង្រីកមជ្ឈមណ្ឌលទិន្នន័យ និង បច្ចុប្បន្នភាពថ្មីៗនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ ២០១៩ ២-ការរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២៥ រាជធានី-ខេត្ត និង ៣-ការរៀបចំធ្វើលទ្ធកម្មសម្រាប់មុខងារថ្មីរបស់ប្រព័ន្ធចំនួន ២។

ជាការឆ្លើយតប នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជម្រាបជូន តំណាងបេសកកម្មរបស់សហគមន៍អឺរ៉ុបអំពីវឌ្ឍនភាពដូចតទៅ ៖

  • ការពង្រីកមជ្ឈមណ្ឌលទិន្នន័យបានបញ្ចប់នៅខែ មករា ឆ្នាំ ២០១៩ ក្នុងសមត្ថភាពដែលអាចទ្រទ្រង់អ្នកប្រើប្រាស់បានរហូតដល់ ៣០០០ នាក់ ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ដល់ជិត ៤៥% នៃចំនួនសរុបនេះហើយ។
  • ក្នុងការបន្តអនុវត្តគម្រោង FMIS ជំហានទី២ ក្រុមការងារនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានបញ្ចប់ជាស្ថាពរនូវការ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង End-users, Super Users និង ក្រុមការងារបច្ចេកទេសនៅចុង ខែ ឧសភា ឆ្នាំ ២០១៩ ដែលមានអ្នកចូលរួមមកពីគ្រប់បណ្ដាក្រសួងចំនួន ១០, អង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញចំនួន ៨ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ដែលមានចំនួនអ្នកបណ្ដុះបណ្ដាលសរុបដល់ទៅជិត ៦០០ នាក់។
  • បានបញ្ជ្រាបការយល់ដឹងអំពីផលប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ, ការកៀរគរអ្នកគាំទ្រ, ការរៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្ននិងអនាគតសម្រាប់ក្រសួង-ស្ថាប័នចុងក្រោយចំនួន ១៧ ចប់ជាស្ថាពរនៅក្នុងខែ ឧសភា ឆ្នាំ ២០១៩។
  • ក្រសួងចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្តកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដោយ រលូន និង មានការគាំទ្រជាប្រចាំពីក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង បានស្នើសុំឱ្យ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានធ្វើការផលិតនូវរបាយការណ៍ក្រៅពីអ្វីដែលរតនាគារ និង អគ្គនាយកដ្ឋានថវិកាត្រូវការ ដើម្បីវិភាគ ពិនិត្យតាមដាន និង គ្រប់គ្រងការអនុវត្តថវិកានៅអង្គភាពរបស់ខ្លួនផ្ទាល់ ជាពិសេសសម្រាប់ការអនុវត្តថវិកានៅថ្នាក់ក្រោមជាតិ។ ក្រុមការងារនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានកំពុងធ្វើការសិក្សាលម្អិត និង ធ្វើការប្រកបដោយភាពបុរេសកម្មនិងសហការជិតស្និទ្ធិក្នុងការផលិតរបាយការណ៍នេះ។
  • ការរៀបចំកិច្ចលទ្ធកម្មលើមុខងារថ្មីរបស់ប្រព័ន្ធ FMIS ចំនួន ២ គឺ ១-មុខងាររៀបចំផែនការថវិកា (Budget Planning Module) និង ២-មុខងារលទ្ធកម្មសាធារណៈ ដែលរហូតដល់បច្ចុប្បន្ននេះតាមរយៈអនុក្រុមការងារចំនួន ២ ថ្មី របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចការងារនេះលើធាតុចូលសំខាន់របស់មុខងាររៀបចំផែនការថវិកា បានចំនួន ៨០% ហើយ ដោយបានបញ្ចប់សេចក្ដីព្រាងដំបូងលើតម្រូវការមុខងារ, តម្រូវការអ្នកប្រើប្រាស់របស់ប្រព័ន្ធ និង នីតិវិធីអនុវត្តការងារ ដោយស្នើសុំពេលបន្ថែមដើម្បីកែសម្រួលសម្អាតឯកសារទាំងនេះ។ ដោយឡែកសម្រាប់អនុក្រុមការងារទទួលបន្ទុករៀបចំមុខងារលទ្ធកម្មសាធារណៈ សន្យាថានឹងបញ្ចប់ឯកសារនេះឱ្យបាននៅក្នុងសប្ដាហ៍ទី ១ នៃខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ។ អនុក្រុមការងារទាំង ២ នឹងធ្វើការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និង អង្គភាពថវិកាដើម្បីសិក្សាបន្ថែមឱ្យបានច្បាស់អំពីធាតុចូលទាំងនេះ។ ក្នុងន័យនេះដែរ ក្រុមការងាររបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានរៀបចំនូវឯកសារព្រាងសម្រាប់ឯកសារដេញថ្លៃរួចផងដែរ ហើយដែលនឹងគ្រោងប្រកាសដេញថ្លៃជាសាធារណៈជាអន្តរជាតិនៅក្នុងខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។
  • សម្រាប់ការរៀបចំកាត់បន្ថយនីតិវិធីអនុវត្តការងារ និង កាត់បន្ថយឯកសារក្រដាសស្នាម ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានសម្រេចនូវការងារមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរពោលគឺ មានផែនការប្រកបដោយមហិច្ឆតាខ្ពស់ក្នុង ការរៀបចំនីតិវិធីទូទាត់ចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការ, ការទូទាត់ទឹកភ្លើង សេវាអ៊ិនធឺណិត ទូរសព្ទ ជាដើម (សាកល្បងចាប់ផ្ដើមចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាគំរូមុនគេ) បន្ទាប់មកនឹងគិតគូរលើការទូទាត់ចំណាយរេជ្ជទេយ្យបុរេប្រទាន និង បុរេប្រទាននានា បន្ថែមទៀត ហើយនឹងដាក់ជូនថ្នាក់ដឹកនាំកំពូលពិនិត្យសម្រេចនៅខែ តុលា ឆ្នាំ ២០១៩។ ការងារនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តសហការ និង ជំរុញដល់ការទូទាត់នានាផ្សេងៗទៀត ដែលនៅសេសសល់ជាបន្តបន្ទាប់តាមការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។

ជារួមការងារជាសារវ័ន្តទាំងអស់កំពុងអនុវត្តបានស្របតាមគម្រោងផែនការសកម្មភាព។ ក្នុងឱកាសនោះ លេខាធិការដ្ឋានបាន សាកសួរអំពីជំហរ និង ការវាយតម្លៃរបស់តំណាងបេសកកម្មរបស់សហគមន៍អឺរ៉ុបអំពីការយល់ឃើញរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS នៅកម្ពុជាចាប់តាំងពីជំហានទី ១ រហូតមកដល់បច្ចុប្បន្ន ថាតើសាកសមក្នុងការប្រើប្រាស់ថវិកាជំនួយឥតសំណងនេះដែរឬទេ។ ជាការឆ្លើយតប លោក Javier បានមានប្រសាសន៍ថា “លោកមានមោទនភាព និង ឃើញច្បាស់ថា កម្ពុជាបានប្រើប្រាស់ជំនួយនេះចំទិសដៅ ត្រូវតាមជំហាននិងផែនការ និង មានវឌ្ឍនភាពល្អប្រសើរជាងគម្រោងប្រហាក់ប្រហែលគ្នានេះ បើធៀបជាមួយប្រទេសជិតខាងនៅក្នុងតំបន់”។ សហគមន៍អឺរ៉ុបសូមគាំទ្រយ៉ាងមុតមាំដល់ការពង្រីកការអនុវត្តគម្រោង FMIS នៅជំហានទី៣ ហើយបានស្នើសុំឱ្យមានការដំឡើងប្រព័ន្ធ FMIS បានប្រើប្រាស់ដល់មន្ទីរនានានៅថ្នាក់ក្រោមជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការធ្វើសុខដុមនីយកម្ម និង តម្រង់ទិសនីតិវិធីអនុវត្តការងារឱ្យបានឆាប់រហ័សដើម្បីធានាដល់ការទទួលបាននូវផលប្រយោជន៍ជាអតិបរមាប្រកបដោយប្រសិទ្ធភាពពីការប្រើប្រាស់ប្រព័ន្ធ FMIS។

បន្ថែមលើចំណុចនេះលោកចង់ឃើញការដាក់បញ្ចូលនូវការគ្រប់គ្រងថវិកាពីដៃគូអភិវឌ្ឍន៍ចូលទៅក្នុងប្រព័ន្ធ FMIS ឱ្យបានឆាប់ហើយក្រុមការងារក៏បានជម្រាបជូនពីការប្ដេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធជាពិសេស អគ្គនាយកដ្ឋានគ្រប់គ្រងបំណុល និង សហប្រតិបត្តិការអន្តរជាតិក្នុងការស្វាគមន៍និងចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការលើការងារនេះ។ លោក Javier បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះព័ត៌មាននេះ និងបានបន្ថែមថា លោកចង់ឃើញនូវការចូលរួមនិងការផ្ដល់តម្លៃបន្ថែមពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគួរដើរតួជាគំរូ និង ផ្ដល់កិច្ចសហការគាំទ្រប្រកបដោយភាពបុរេសកម្មក្នុងការអនុវត្តគម្រោង FMIS នៅកម្ពុជា ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីគ្រប់គ្រង និង អនុវត្តប្រតិបត្តិការហិរញ្ញវត្ថុក្នុងការប្រើប្រាស់ជំនួយឥតសំណង និង ជំនួយសម្បទានពីដៃគូអភិវឌ្ឍន៍ និង ថវិកាបដិភាគរបស់រដ្ឋាភិបាល ជាដើម។

លេខាធិការដ្ឋានជំនួសមុខឱ្យថ្នាក់ដឹកនាំកំពូលរបស់កសហវ និង ជំនួសឱ្យប្រជាជនកម្ពុជាទាំងមូលបានថ្លែងអំណរប្រកបដោយ កត្ដញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះជំនួយគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍អឺរ៉ុប ដែលមានសុភវិនិច្ឆ័យខ្ពស់ក្នុងការ បន្តគាំទ្រនូវគម្រោងដ៏សំខាន់នេះ ដែលជាគន្លឹះស្នូលនៃកម្លាំងចលករសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈនៅកម្ពុជា។