+855 23 43 00 63

4

Jan, 2024

ក្រុមការងារ FMIS ត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ

ដោយ៖: | Tags: | មតិយោបល់: 0

អនុវត្តតាមផែនការសកម្មភាពស្នូលនៃការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅឆ្នាំ ២០២៤ និង ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា, បន្ទាប់ពីបានចុះសិក្សានីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មួយចំនួនរួចរាល់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមាន លោក កង គោលិកា អនុប្រធាននាយកដ្ឋានគ្រប់គ្រងធុរកិច្ចនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការិយាល័យពាក់ព័ន្ធទាំងអស់ចូលរួម ក្នុងកិច្ចពិភាក្សាលើការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ FMIS” ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ។

កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើការកំណត់ពេលវេលា និង ចំនួនសិក្ខាកាមតាមមុខងារ, ត្រួតពិនិត្យលើឧបករណ៍សម្ភារៈបណ្ដាញតភ្ជាប់, ត្រួតពិនិត្យទីតាំងនៃវគ្គបណ្តុះបណ្តាល, ត្រៀមរួចជាស្រេចលើមុខវិជ្ជា និង ការៀបចំនូវគន្លឹះសំខាន់ៗក្នុងបង្រៀនរបស់គ្រូបង្គោលនីមួយៗ ។ ជាមួយគ្នានោះផងដែរ លោកអនុប្រធាននាយកដ្ឋាន ក៏បានណែនាំ ដល់ក្រុមការងារ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ និង បង្កើតកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានទាន់ពេល  ដើម្បីធានាបាននូវវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ប្រកបដោយគុណភាព និង ភាពជឿជាក់ ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ នឹងរៀបចំឡើងចាប់ពីសប្តាហ៍ទី ២ នៃខែ មករា រហូតដល់សប្តាហ៍ទី៤ នៃខែ កុម្ភៈ ឆ្នាំ ២០២៤ មុននឹងឈានដល់ការបន្តដាក់ឱ្យប្រើប្រាស់ FMIS នៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ នៅឆ្នាំ ២០២៤ ខាងមុខ ៕