+855 23 43 00 63

11

Apr, 2024

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានឯកភាព និង ស្នើឱ្យមានការដាក់ឱ្យប្រើប្រាស់ FMIS ស្នូល នៅតាមអង្គភាពថវិកាក្រោមឱវាទក្រសួង

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានឯកភាព និង ស្នើឱ្យមានការដាក់ឱ្យប្រើប្រាស់ FMIS ស្នូល នៅតាមអង្គភាពថវិកាក្រោមឱវាទក្រសួង និង FMIS Portal សម្រាប់សាលារៀនសាធារណៈ និង អង្កភាពចំណាយនានា នៅក្រោមឱវាទក្រសួងអប់រំ យុវជន និង កីឡា ជំនួសឱ្យការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និង កីឡា (EFMS) ទាំងស្រុង ដើម្បីបង្កើនប្រសិទ្ធភាពដល់ការគ្រប់គ្រងហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ជាពិសេសថវិកាសមិទ្ធកម្មសម្រាប់កម្មវិធីគោលនយោបាយលើកកម្ពស់គុណភាពវិស័យអប់រំ នៅកម្ពុជា ។

ការសម្រេចនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ២និង៣០ នាទី រសៀល នៅបន្ទប់ប្រជុំ ក នៃទីស្ដីការក្រសួងអប់រំ យុវជន និង កីឡា ក្នុងកិច្ចប្រជុំពិភាក្សារវាង ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយកររដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស នៃក្រសួងអប់រំ យុវជន និង កីឡាផង ដែរ ។

ការសម្រេចចិត្តនេះ បានបង្ហាញឆន្ទៈដ៏មោះមុត ជាមួយនឹងការប្ដេជ្ញារបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡាក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការកែទម្រង់ប្រព័ន្ធអប់រំ នៅកម្ពុជា ដែលជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ និង គោលនយោបាយអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

តាមការចង់បាន ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យការងារនេះអាចអនុវត្តបាននៅក្នុង ឆ្នាំ ២០២៤ នេះតែម្ដង ហើយតាមផែនការដែលបានឯកភាព ការចាប់ផ្ដើមបណ្ដុះបណ្ដាលនឹងត្រូវធ្វើនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៤ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់សាកល្បងនៅអង្គភាពថវិកាថ្នាក់ជាតិ និង សាលារៀនសាធារណៈមួយចំនួន មុននឹងដាក់ឱ្យអនុវត្តទាំងស្រុងនៅក្នុងឆ្នាំ ២០២៥ ៕