+855 23 43 00 63

16

Feb, 2024

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាការវិនិយោគកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងយុត្តិធម៌, ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងមហាផ្ទៃ,ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងទេសចរណ៍, ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍, ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងសាធារណការ និង ដឹកជញ្ជូន, ឯកឧត្តមអគ្គនាយកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ, ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, លោកប្រធានសាខាគយ និង រដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះជា កិច្ចប្រជុំលើកដំបូងបន្ទាប់ពី ​ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ កន្លងមក ។ អង្គប្រជុំបានពិភាក្សាលើវិធានផ្ទៃក្នុងស្តីពីនីតិវិធីការងារ និង ការពិនិត្យលើការស្នើសុំរបស់វិស័យឯកជន ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ និង វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុអង្គប្រជុំបានផ្តោតសំខាន់ទៅលើ ១) រំហូរ និង នីតិវិធីការងារបស់ក្រុមការងារ, នីតិវិធីនៃការពិនិត្យលើការស្នើសុំរបស់វិស័យឯកជន ដែលរួមទាំងការផ្តល់សេវាថែទាំ (aftercare services) បន្ទាប់ពីគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច បានទទួលនូវគោលការណ៍ឯកភាព ឬ ការអនុម័តពីក្រុមការងារ, និង ២) ការបំពេញព័ត៌មាន និង ឯកសារ ។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពជាគោលការណ៍លើការរៀបចំវិធានក្នុងការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក៏ដូចជាយន្តការក្នុងការតាមដាន និង ត្រួតពិនិត្យប្រសិទ្ធភាពនៃការទទួលបានការលើកទឹកចិត្ត ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យក្រុមការងារបន្តធ្វើការងារនេះប្រកបដោយឆន្ទៈមោះមុត តបតាមការប្រគល់ភារកិច្ចជូនរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕