+855 23 43 00 63

7

Mar, 2024

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្ត តាម FMIS ទាំងស្រុង” ជូនក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល រ៉ូយ៉ាល់, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ២៥០ រូប ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការអនុវត្តនីតិវិធីគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត បូករួមទាំង នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្ត តាម FMIS ទាំងស្រុង ជូនដល់ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មិនពេញលេញថ្នាក់កណ្តាល ដែលទទួលបានការប្រគល់សិទ្ធិពីអាណាប័កដើមខ្សែ លើការអនុវត្តនីតិវិធីចំណាយគ្រប់មុខសញ្ញា និង ចលនាឥណទានថវិកា នៃក្រសួង-ស្ថាប័នចំនួន ១០ រួមមាន ១.ក្រសួងអប់រំ យុវជន និង កីឡា ២.ក្រសួងមុខងារសាធារណៈ ៣.ក្រសួងព្រះបរមរាជវាំង ៤.ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ៥.ក្រសួងផែនការ ៦.ក្រសួងសាធារណការ និង ដឹកជញ្ជូន ៧.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ៨.អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៩.អគ្គលេខាធិការដ្ឋានរដ្ឋសភា និង ១០.អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ ២០២៤ ។


ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុវត្តនីតិវិធីថ្មីនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន ១.ជួយសម្រួលឱ្យជំហាននៃការអនុវត្តមានលក្ខណៈសាមញ្ញ ខ្លី និង លឿន, ២.ផ្តល់ព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា និង ៣.បញ្ឈប់ការរៀបចំនូវឯកសារ ដូចជា កំណត់បង្ហាញរឿង, លិខិតស្នើសុំធានាចំណាយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដីកាបញ្ជូន និង ដីកាអមលិខិតយុត្តិការ ជាដើម ។ ដូច្នេះ មិនមានការបញ្ជូនឯកសារពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀតនោះទេ ដោយសារឯកសារ និង លិខិតយុត្តិការដែលចាំបាច់មួយចំនួនត្រូវបានស្គែនចូលក្នុង FMIS ។ ជារួម, ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជួយដោះស្រាយនូវនីតិវិធីអនុវត្តការងារដែលមានភាពស្មុគស្មាញ, អាចគ្រប់គ្រងទិន្នន័យ និង ព័ត៌មានបានច្បាស់លាស់, និង ចំណេញពេល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា គោលដៅសំខាន់បំផុតនៃគម្រោង FMIS គឺដើម្បីធានាឱ្យបាននូវ គណនេយ្យភាព តម្លាភាព និង ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការអនុវត្តនីតិវិធីការងារដែលមានលក្ខណៈស្ដង់ដាច្បាស់លាស់ និង ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ចាប់តាំងពីការរៀបចំផែនការថវិកា រហូតដល់ការទូទាត់ សំដៅអនុវត្តថវិកាឱ្យចំទិសដៅ ពោលគឺផ្សារភ្ជាប់គោលនយោបាយរបស់ក្រសួង-ស្ថាប័ន និង គោលនយោបាយរបស់រាជរដ្ឋាភិបាល និង ការអនុវត្តថវិកាឱ្យទទួលបាននូវសមិទ្ធកម្មពិតប្រាកដ ក្នុងគោលដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕