+855 23 43 00 63

1

Jul, 2022

ការធ្វើបទបង្ហាញពីការអនុវត្តគម្រោង FMIS ក្នុងវេទិកាសារពើពន្ធតូក្យូលើកទី៧

ដោយ៖: | Tags: | មតិយោបល់: 0

ការអនុវត្តគម្រោង FMIS ទទួលបានជោគជ័យមកដល់ពេលបច្ចុប្បន្នគឺដោយសារមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានប្តេជ្ញា និង ជាអ្នកគាំទ្រឈានមុខសម្រាប់ក្រុមការងារអនុវត្តតាម និង ការចូលរួមពីក្រុមការងារអនុវត្តគម្រោង FMIS គ្រប់លំដាប់ថ្នាក់យល់ពីគុណតម្លៃ គោលបំណងរបស់គម្រោង FMIS ដែលខិតខំប្រឹងប្រែងចូលរួមធ្វើការជាមួយគ្នារហូតមក។ នេះជាការលើកឡើងរបស់ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងវេទិកាសារពើពន្ធតូក្យូលើកទី៧ ស្តីពី គោលនយោបាយសារពើពន្ធក្រោយពីវិបត្តិកូវីដ-១៩ ឆ្ពោះទៅរក ភាពធន់ ការរួមបញ្ចូលគ្នា និងអនាគតឌីជីថលនៅអាស៊ី ដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញកាលពីព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមចែករំលែកបទពិសោធន៍ ពីថ្នាក់ដឹកនាំ និងអ្នកជំនាញលើ វិស័យហិរញ្ញវត្ថុសាធារណៈ នៅក្នុងតំបន់អាស៊ី ។

ឯកឧត្តម មន្ត ប្រាថ្នា បានសង្ខេបពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ ។ តាមរយៈការអនុវត្តកន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានសមិទ្ធផលជាច្រើនក្នុងនោះមានដំណើរការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ស្នូលដល់គ្រប់ក្រសួង-ស្ថាប័ន,អង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញ, រតនាគារ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានី-ខេត្តទាំងអស់ដែលមានការដ្ឋានសរុបចំនួន ១៥៦ អ្នកប្រើប្រាស់ប្រមាណ ២០០០, ការអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកាដែលអាចផ្តល់ព័ត៌មាន និងភាពងាយស្រួលក្នុងការតាមដានមើល និង វិភាគលើស្ថានភាពភ្លាមៗនៃផែនការនិងអនុវត្តថវិកា គ្រប់គ្រងសាច់ប្រាក់ជាដើមដល់ថ្នាក់ដឹកនាំ, ការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលមកដល់បច្ចុប្បន្នមានក្រសួងចំនួន ៣៧ បានអនុវត្តការទូទាត់ប្រាក់បៀវត្សជូនមន្រ្តីរាជការ និង នីតិវិធីទូទាត់ត្រង់ដែលមានហានិភ័យទាប និង កំពុងបន្តសិក្សាដាក់ឱ្យអនុវត្តនីតិវិធីផ្សេងៗទៀត, ការដាក់ឱ្យប្រើប្រាស់កម្មវិធី FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលស្រុក ចំនួន ៧៥ និង រដ្ឋបាលឃុំ ១៨៥, ការអភិវឌ្ឍមុខងារថ្មីចំនួនពីរ និង ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ថវិកាតាមប្រព័ន្ធអេឡិចត្រូនិក (EFT) នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិព្រមទាំងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធបើកផ្តល់ប្រាក់បៀវត្សមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ និង ការធ្វើសន្ធានកម្មជាមួយធានាគារពាណិជ្ជជាច្រើនផ្សេងទៀត ។  ក្រៅពីនោះឯកឧត្តមក៏បានបង្ហាញអំពីអត្ថប្រយោជន៍ពីការអនុវត្តគម្រោងកន្លងមក ជាពិសេសគឺការចូលរួមចំណែកក្នុងការពង្រឹងគោលបំណងទាំង ៣ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ១-ការពង្រឹងវិន័យថវិកា, ២-បង្កើនប្រសិទ្ធភាពវិភាជន៍ថវិកា និង ៣-បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និង ការបង្ហាញអំពីបញ្ហាប្រឈមនិងដំណោះស្រាយលើបញ្ហាទាំងនេះព្រមទាំងទិសដៅអនុវត្តគម្រោងនាពេលអនាគតជូនអង្គវេទិកាផងដែរ ៕