16
Jun, 2014
កិច្ចប្រជុំថ្នាក់ដឹកនាំស្តីពី “កិច្ចពិភាក្សាកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS”
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៣:០០ រសៀល ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមួយស្តីពី “កិច្ចពិភាក្សានិងកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS” នៅសាលប្រជុំអាគារ “ឃ” បន្ទប់ប្រជុំជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាជិកនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺចង់បង្ហាញពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នមួយ ដែលមានជំហានច្រើនជាងគេក្នុងចំណោមនីតិវិធីអនុវត្តការងារផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំដើម្បីផ្តល់ជាអនុសាន៍ណែនាំដល់ក្រុមការងារសម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគត ដែលនឹងត្រូវប្រើប្រាស់សម្រាប់ប្រព័ន្ធ FMIS។ ជាលទ្ធផល ក្រុមការងាររបស់គម្រោង FMIS បានទទួលអនុសាសន៍ជាច្រើន ដែលជាធាតុចូលសំខាន់ៗពីអង្គប្រជុុំ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានសម្រេចផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម ដើម្បីផ្ដល់ជូនក្រុមការងារ FMWG ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយកទៅអនុវត្តបន្តដូចខាងក្រោម៖
ក្នុងចំណោមជម្រើសចំនួន៣ សម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ប្រើប្រាស់ប្រព័ន្ធ FMIS ថ្នាក់ដឹកនាំសម្រេចជ្រើសយកជម្រើសទី៣ ដែលមានន័យថានីតិវិធីអនុវត្តការងារនៅចំណុចត្រួតពិនិត្យនីមួយៗនៅក្នុងប្រព័ន្ធ FMIS នឹងមានការងារជាជំហានចំនួនពីរពាក់ព័ន្ធនឹង Add (បញ្ចូលទិន្នន័យ និងព័ត៌មាន) និង Confirm (សម្រេច និងអនុម័ត) ដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជានៅឆ្នាំ២០១៥ ប្រកបដោយឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ចំណែកឯការងារផ្សេងៗ ដែលត្រូវការអនុវត្តដោយដៃ (Manual Processes) ពាក់ព័ន្ធនឹងការពិនិត្យ និង អនុម័ត ដែលពុំផ្ដល់នូវតម្លៃបន្ថែមដល់ប្រព័ន្ធ FMIS នឹងត្រូវបន្តអនុវត្តនៅក្រៅប្រព័ន្ធ FMIS ហើយការងារដែលនៅក្រៅប្រព័ន្ធទាំងនោះនឹងត្រូវធ្វើសនិទានកម្មដោយថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និង នាយកដ្ឋាន និង គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រោះការគិតគូរ និង សម្រេចទៅលើការសម្រួល ឬ កាត់ជំហាននៃនីតិវិធីអនុវត្តការងារគឺជាការងាររបស់ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និង នាយកដ្ឋាន និង គណៈកម្មការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ មិនមែនជាការងារដែលក្រុមការងារ FMWG អាចសម្រេចបាននោះទេ។
ជាមួយនឹងការជ្រើសរើសជម្រើសនេះដែរ ថ្នាក់ដឹកនាំនៃនាយកដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមការងារ FMWG ជាពិសេសអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា ដើម្បីពិភាក្សា និងរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ចូលក្នុងប្រព័ន្ធ FMIS ព្រមទាំងសិក្សា និងរៀបចំផែនការផ្លាស់ប្តូរឱ្យបានច្បាស់លាស់ពីមុខងារ និង ការកសាងសមត្ថភាពជូនដល់មន្រ្តីដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ និងនៅក្រៅប្រព័ន្ធ។ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់លើការងាររៀបចំនីតិវិធីអនុវត្តការងារអនាគតដោយផ្សារភ្ជាប់ទៅនឹងការរៀបចំអង្គភាពថវិកា និងការអនុវត្តថវិកាកម្មវិធី និង ការងារពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ FMIS ដោយផ្ដល់ជាធាតុចូលតាមតម្រូវការរបស់ FMIS Contractor និង ក្រុមការងារ FMWG ឱ្យបានទាន់ពេលវេលា ផ្ដល់នូវមន្ត្រីដែលមានជំនាញខ្ពស់ និង មានលទ្ធភាពធ្វើការសម្រេចចិត្ត ចៀសវាងនូវការប្រើ “កូនមន្ត្រី” ឱ្យមកចូលរួមក្នុងការងារ FMIS ។
ក្រុមការងារ FMWG ត្រូវរៀបចំសិក្ខាសាលាឱ្យបានច្រើនលើកច្រើនសារ អំពីការងាររៀបចំនីតិវិធីអនុវត្តការងារអនាគត និងការគ្រប់គ្រងការផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធ និង ឱ្យមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធដើម្បីឱ្យបានយល់ច្បាស់ពីនីតិវិធីអនុវត្តការងារអនាគតសម្រាប់ប្រព័ន្ធFMIS ព្រមទាំងបន្តអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរឱ្យបានទូលំទូលាយទំាងនៅក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ននិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ឱ្យបានយល់ដឹងអំពីការផ្លាស់ប្តូរ និងការកែសម្រួលនីតិវិធីអនុវត្តការងារនៅក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីឱ្យក្រសួងស្ថាប័ននានាត្រៀមរៀបចំ និង ចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ក្នុងការងារកែទម្រង់ ដែលនឹងជួយឱ្យកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ៥:៣០ នាទីល្ងាច ប្រកបដោយភាពរលូន និងស្របទៅតាមការរំពឹងទុករបស់ក្រុមការងារ។