+855 23 43 00 63

18

Jan, 2024

វគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការ FMIS រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤” ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមការពង្រីកការអនុវត្តលើការប្រើប្រាស់ FMIS ដល់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ដែលជាការដ្ឋានថ្មី ទន្ទឹមនឹងនេះ កិច្ចដំណើរការនៃការអនុវត្តលើការប្រើប្រាស់ FMIS ក៏មានការផ្លាស់ប្តូរតិចតួចដោយពីពេលមុន រាល់ការបញ្ចូល ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការក្នុង FMIS របស់រដ្ឋបាល​ក្រុង ស្រុក និង ខណ្ឌ គឺ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត ជាអ្នកអនុវត្តជំនួស ។

ជាក់ស្តែង នៅពេលប្រើប្រាស់ FMIS នោះរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ត្រូវធ្វើការបញ្ចូល ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការក្នុង FMIS ដោយខ្លួនឯងផ្ទាល់ ។ រីឯមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត នឹងដើរតួនាទីជាអ្នកត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការចុងក្រោយក្នុង FMIS ។ ហេតុដូចនេះ ទើបក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការត្រួតពិនិត្យ និង អនុម័តប្រតិបត្តិការលើកិច្ចលទ្ធកម្មក្នុង FMIS សម្រាប់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤” ដើម្បីឱ្យមន្ត្រីជំនាញ និង ថ្នាក់ដឹកនាំ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានីខេត្តទាំង ២៥ បានយល់កាន់តែច្បាស់លើការអនុវត្ត និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ក្នុង FMIS បានដោយរលូន និង មានប្រសិទ្ធភាព ។

វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃ អង្គារ ៦កើត ដល់ថ្ងៃ ព្រហស្បតិ៍ ៨កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ តាមរយៈប្រព័ន្ធសន្នីសីទវីដេអូ ដោយប្រើកម្មវិធី Zoom ដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង  មន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ចំនួនប្រមាណជិត ១០០ រូប ។

វគ្គបណ្តុះបណ្តាលខាងលើ ដំណើរការប្រព្រឹត្តទៅ និង បញ្ចប់ដោយរលូន សិក្ខាកាមដែលអញ្ជើញចូលរួមបានយល់ច្បាស់ពីខ្លឹមសារនៃការបង្ហាញពីក្រុមការងារទាំងនៅលើឯកសារបទបង្ហាញ ក៏ដូចជាការបង្ហាញដោយផ្ទាល់នៅក្នុង FMIS តែម្តង។ ជាមួយគ្នានេះ រាល់មតិយោបល់បន្ថែម សំណួរ បញ្ហាប្រឈម និង សំណូមពរនានារបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត ក្រុមការងារបានឆ្លើយតប និង ដោះស្រាយរួចរាល់ ៕