+855 23 43 00 63

4

Apr, 2024

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង” សម្រាប់ក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីគាំទ្រដល់រំហូរនៃការអនុវត្តលទ្ធកម្មសាធារណៈតាមនីតិវិធីថ្មី, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង” សម្រាប់ក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកំពូលក្រសួងទាំង២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ សម្រាប់ដំណាក់កាលអ្នកត្រួតពិនិត្យ និង អនុម័ត ។

វគ្គបណ្តុះបណ្តាលខាងលើនេះ  ផ្តោតសំខាន់លើទិដ្ឋភាពទូទៅលើការអនុវត្តកិច្ចលទ្ធកម្មសាធារណៈតាមនីតិវិធីថ្មី, ការអនុម័តលើអនុមុខងារការគ្រប់គ្រងដំណើរការដេញថ្លៃ, ការអនុម័តលើអនុមុខងារការគ្រប់គ្រងកិច្ចសន្យា, របៀបបន្ថែមអ្នកត្រួតពិនិត្យ និង អ្នកអនុម័តប្រតិបត្តិការ ។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃក្រសួងទាំង ២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ទទួលបាននូវចំណេះដឹងថ្មីៗ និង​ ចំណុចគន្លឹះសំខាន់ៗពីវគ្គបណ្តុះបណ្តាលដូចជា៖

  • យល់ដឹងអំពីរំហូរការអនុវត្តលទ្ធកម្មសាធារណៈតាមនីតិវិធីថ្មីលើអនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ និង អនុមុខងារគ្រប់គ្រងកិច្ចសន្យា
  • យល់ដឹងអំពីរំហូរការអនុវត្តកិច្ចលទ្ធកម្មសាធារណៈតាមនីតិវិធីថ្មីនៃការអនុម័តលើអនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ, ការអនុម័តលើអនុមុខងារគ្រប់គ្រងកិច្ចសន្យា និង របៀបបន្ថែមអ្នកត្រួតពិនិត្យ និង អ្នកអនុម័តប្រតិបត្តិការ
  • យល់ដឹងអំពីរបៀបភ្ជាប់ឯកសារចូលក្នុងប្រព័ន្ធទៅតាមដំណាក់កាលនីមួយៗនៃអនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ និង អនុមុខងារគ្រប់គ្រងកិច្ចសន្យា ។

វគ្គបណ្តុះបណ្តាលខាងលើនេះ បានដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅសាលប្រជុំ អគារ “គ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង នៅសាលាជាតិគយ នាថ្ងៃទី ២ និង ទី៣ ខែ មេសា ឆ្នាំ ២០២៤ ៕