+855 23 43 00 63

30

May, 2024

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែ ឧសភា គ្រិស្តសករាជ ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តយុទ្ធនាការបណ្តុះបណ្តាលស្តីពី “ ការប្រើប្រាស់ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ( FMIS ) ជំនាន់ថ្មី ” ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ ជាង ២ ០០០ នាក់ នៃគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង  FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   ។

ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា តាមរយៈការប្រើប្រាស់  FMIS  ជំនាន់ថ្មី រួមទាំងការអនុវត្តនីតិវិធីអនុវត្តការងារតាម  FMIS  ទាំងស្រុង និង ការប្រើប្រាស់របាយការណ៍ចាំបាច់ផ្សេងៗ ដែលផលិតចេញពី FMIS  ពិតជាបានចូលរួមចំណែកក្នុងការជួយបង្កើន តម្លាភាព ប្រសិទ្ធភាព និង ពន្លឿនការងារ អនុវត្តហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែខិតទៅរកភាពប្រាកដនិយម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ រាជរដ្ឋាភិបាល ជាពិសេសផ្តោតលើការចាត់ចែង និង ការបែងចែកធនធានហិរញ្ញវត្ថុជាតិ ស្របតាមឆន្ទៈនៃការដឹកនាំ ដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងផ្តល់អាទិភាពខ្ពស់លើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ចាប់តាំងពីការអនុវត្តគម្រោង  FMIS  ជំហានទី ១ រហូតមក ដល់ជំហានទី ៣ , FMIS  បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជូនឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ដែលមានភាពជឿជាក់ និង មានអនុភាព សម្រាប់គាំទ្រ ដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការលុបបំបាត់នីតិវិធីការងារ ដែលអនុវត្តដោយដៃ និង លើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS  ទាំងស្រុង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលនាថ្ងៃនេះ ដែលជាវគ្គទី ២ នៃ កម្មវិធីបណ្តុះបណ្តាល ត្រូវបានគិតគូរជាផែនការសកម្មភាពច្បាស់លាស់ ស្របតាមផែនការពង្រីកការអនុវត្ត គម្រោង FMIS ជំហានទី ៣ (២០២១-២០២៥) និង ផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ និង ទី ៤ ដែលត្រូវបានអនុវត្តប្រកបដោយភាពហ្មត់ចត់ និង ប្រយ័ត្នប្រយែងបំផុត ។

គិតមកដល់បច្ចុប្បន្ន,  FMIS  ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ នៅថ្នាក់កណ្ដាល រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង – ស្ថាប័ន ។ បន្ថែមលើនេះ , FMIS  ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពសំខាន់ៗ នៅថ្នាក់មូលដ្ឋាន ពោលគឺ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,  រតនាគាររាជធានី-ខេត្ត ,  រដ្ឋបាលរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុបជាការដ្ឋាន មានចំនួន ២១៣ ការដ្ឋាន ,  រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់  FMIS Portal  ជំនាន់ទី ១ ទៅដល់គ្រប់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ទូទាំងប្រទេសកម្ពុជា ដែលសរុបជារួមមានចំនួន ១ ៨៧០ ការដ្ឋាន ។ បន្ថែមពីលើនេះ,  FMIS  បានផ្តល់ជូនអ្នកប្រើប្រាស់នូវលទ្ធភាពក្នុងការប្រើប្រាស់របាយការណ៍ ដែលទាញចេញពី  FMIS  ផ្ទាល់ រហូតដល់ ៦៦ របាយការណ៍ ទៅតាមសិទ្ធិនៃអ្នកប្រើប្រាស់ប្រព័ន្ធ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS  ជាពិសេស លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS  នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងខិតខំយ៉ាង សស្រាកសស្រាំ លះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការធានាឱ្យការរៀបចំដំឡើងជំនាន់  FMIS  ថ្មី អាចបញ្ចប់ទៅតាមផែនការ និង ឈានដល់ការបើកវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់  FMIS  ទាំងអស់ នាពេលនេះ ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលកំពុងមានវត្តមាននៅទីនេះ ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការតាមដាន និង លើកឡើងជាសំណួរ ឬ សំណូមពរនានា ដើម្បីផ្តល់ជាធាតុចូលល្អៗ ក្នុងការញ៉ាំងឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និង អាចយកទៅអនុវត្តការងារជាក់ស្តែង នៅពេលត្រលប់ទៅស្ថាប័នរបស់ខ្លួនវិញ ។ ជាមួយគ្នានេះ, ក្រុមការងារបានត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រឱ្យអស់ពីលទ្ធភាពជូនអ្នកប្រើប្រាស់ ដើម្បីឈានទៅប្រើប្រាស់  FMIS  ជំនាន់ថ្មីនេះ ប្រកបដោយ ភាពរលូន នាពេលដ៏ខ្លីខាងមុខ ៕