+855 23 43 00 63

22

Nov, 2022

វគ្គបណ្តុះបណ្តាលលើ “មុខងារលទ្ធកម្មពេញលេញ” ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃ ចន្ទ ១៣ រោច ខែ កត្តិក ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំ និង ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៅតាមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ លើ “មុខងារលទ្ធកម្មពេញលេញ” នៅក្នុងប្រព័ន្ធ FMIS ។ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាត់បង្ហាញដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារថ្មីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពរលូន ។ វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning System) របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រព័ន្ធសន្និសីទវីដេអូ ដោយការប្រើប្រាស់កម្មវិធី Zoom មានសិក្ខាកាមអញ្ជើញមកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ សរុបចំនួន ៣១ រូប និង មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ សរុបចំនួន ១១៥ រូប ។
គួរបញ្ជាក់បន្ថែមទៀតថា មុខងារកម្មលទ្ធកម្មពេញលេញ មានអត្ថប្រយោជន៍ដើម្បីបំពេញបន្ថែមទៅលើមុខងារការទិញ (PO) ដោយគ្របដណ្តប់លើដំណើរការកិច្ចលទ្ធកម្មសាធារណៈ (ទំនិញ, សេវាកម្ម, សំណង់ស៊ីវិល និងសេវាទីប្រឹក្សា) ។ មុខងារលទ្ធម្មពេញលេញនេះមានវិសាលភាពគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ, ផែនការលទ្ធកម្មប្រចាំឆ្នាំ, ការអនុវត្តដំណើរការដេញថ្លៃ, និងការគ្រប់គ្រងកិច្ចសន្យា។ មុខងារលទ្ធកម្មនេះ ភ្ជាប់ជាមួយមុខងារគណនីត្រូវសង (AP) ដោយស្វ័យប្រវត្តិតាមរយៈការបង្កើតការប្រគល់ទទួលដើម្បីធ្វើការទូទាត់ទៅក្រមហ៊ុនផ្គត់ផ្គង់ ។ សម្រាប់មុខងារនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ រួមមាន៖ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានថវិកា និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញជូនសិក្ខាកាមលើមុខវិជ្ជាចំនួន ៧ រួមមាន៖
• ប្រព័ន្ធសិក្សាពីចម្ងាយ (UEF E-Learning)
• ប្រព័ន្ធជំនួយគាំទ្រ (PK the Helper System)
• មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
• អនុមុខងារផែនការលទ្ធកម្ម (អ្នកបញ្ចូល)
• អនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ (អ្នកបញ្ចូល)
• អនុមុខងារគ្រប់គ្រងកិច្ចសន្យា (អ្នកបញ្ជូល)
• អ្នកអនុម័ត (ក. អនុមុខងារផែនការលទ្ធក, ខ. គ្រប់គ្រងដំណើរការដេញថ្លៃ និង គ. អនុមុខងារគ្រប់គ្រងកិច្ចសន្យា)