+855 23 43 00 63

5

Mar, 2024

វគ្គបណ្តុះបណ្តាល ស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនអង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៧ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនអង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៧ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៧ នារសៀល ថ្ងៃ ចន្ទ ៩ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ជាកិច្ចចាប់ផ្តើម លោកស្រី ចាប សុវណ្ណា បានជម្រាបជូនវគ្គបណ្តុះបណ្តាលថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ FMIS ត្រូវបានដាក់ឱ្យអនុវត្តស្ទើរតែទូទាំងប្រទេសរួចទៅហើយ ដែលក្នុងនោះមាន ក្រសួង-ស្ថាប័ន ចំនួន ៣៧ រួមជាមួយនឹងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ និង គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ ។ បន្ថែមពីនេះ លោកស្រីអគ្គនាយករង បានក្រើនរំលឹកផងដែរថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់តាំងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំផ្ទាល់ដោយ         ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ធ្វើការសិក្សា និង រៀបចំ “ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS” ក្នុងគោលបំណងលុបបំបាត់ចោលនូវឯកសារក្រដាស និង ការប្រើប្រាស់នីតិវិធីអនុវត្តការងារនៅខាងក្រៅប្រព័ន្ធទាំងអស់ ដោយងាកមកអនុវត្តការងារតាម FMIS ទាំងស្រុង ។ ជាលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័នចំនួន ៣៤ លើនីតិវិធីចំណាយការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ និង នីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ជូនអង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៧  ខាងលើនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ខែ មីនា រហូតដល់ សប្តាហ៍ទី២ នៃខែ ឧសភា ឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានចំណេះដឹងថ្មី និង អាចមានសមត្ថភាពគ្រប់គ្រាន់ មុននឹងឈានដល់ការបន្តដាក់ឱ្យប្រើប្រាស់ FMIS នៅពេល ខាងមុខនេះ៕

សូមរំលឹកបន្ថែមថា, អង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៧  ដែលនឹងត្រូវប្រើប្រាស់ FMIS នៅឆ្នាំ ២០២៤ ខាងមុខនេះ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំ យុជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងផែនការ, ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងមុខងារសាធារណៈ ដោយឡែក ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ មានតែអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញ ។  ទន្ទឹមនេះ, មុខវិជ្ជាដែលត្រូវរៀនក្នុងវគ្គបណ្តុះបណ្តាលមានដូចជា៖

  1. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ FMIS
  2. ការប្រើប្រាស់ FMIS លើការគ្រប់គ្រងគណនី
  3. ប្រព័ន្ធជំនួយគាំទ្រ PK -The Helper
  4. នីតិវិធីអនុវត្តថវិកាក្នុង FMIS
  5. នីតិវិធីអនុវត្តលទ្ធកម្មក្នុង FMIS
  6. នីតិវិធីស្នើសុំធានាចំណាយ -អ្នកបញ្ចូល & អ្នកអនុម័ត
  7. នីតិវិធីទូទាត់ចំណាយ -អ្នកបញ្ចូល & អ្នកអនុម័ត

ជាទីបញ្ចប់, លោកស្រីអគ្គនាយករង ក៏បានស្នើសុំ និង សំណូមពរទៅកាន់អង្គភាពថវិកាផ្ទេរសិទ្ធិមិនពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៦ ខាងលើ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលឱ្យបានពេញលេញទៅតាមកាលវិភាគ, បន្តព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន; ចូលរួមអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធតាមតួនាទីនិងភារកិច្ច និង ប្រើប្រាស់ប្រព័ន្ធប្រកបដោយការយកចិត្តទុកដាក់ និង មានស្មារតីការទទួលខុសត្រូវខ្ពស់ ៕