+855 23 43 00 63

26

Mar, 2024

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS ” សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ និង ក្រសួងបរិស្ថាន (ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល)

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងដើម្បីឱ្យមានសមត្ថភាពពេញលេញ និង ជំរុញឱ្យការអនុវត្តនីតិវិធីថ្មីដល់អ្នកប្រើប្រាស់ នៃអង្គភាពលទ្ធកម្ម និង ក្រុមលទ្ធកម្មរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងទាំង ២ នៅក្នុងឆ្នាំ ២០២៤ នេះបានដោយរលូន និង ទទួលបានប្រសិទ្ធភាពខ្ពស់, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល ។

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” បានដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា  អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានសិក្ខាកាមតំណាងក្រសួងទាំង ២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ តាមរយះប្រព័ន្ធសន្និសីទវីដេអូ Zoom ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តនីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញ ជាមួយនឹងការប្រើប្រាស់ឯកសារក្រដាស ។ ហើយ “នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈតាម FMIS” ដែលកំពុងផ្សព្វផ្សាយនាពេលនេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

បន្ថែមពីនេះ ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលធានាឱ្យបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, វត្តមានរបស់ FMIS គឺពិតជាមានសារៈសំខាន់ពុំអាចខ្វះបានសម្រាប់ការជួយត្រួតពិនិត្យ តាមដាន និង វាយតម្លៃលើការអនុវត្តថវិកាសមិទ្ធកម្មនេះ ។ ទន្ទឹមនឹងនេះ FMIS បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការគាំទ្រ និង ជំរុញដល់ការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់អង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន ទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ផងដែរ ៕