
3
Nov, 2020
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ
នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលលើមុខងារវិភាជន៍ថវិកា(សម្រាប់អ្នកបញ្ចូល) នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) សម្រាប់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលបានស្នើសុំបន្ថែមអ្នកប្រើប្រាស់ និង ធ្វើការផ្លាស់ប្តូរអ្នកប្រើប្រាស់ ។ អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើមុខងារនេះ នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖
– អាចត្រួតពិនិត្យឥណទានដែលនៅសល់ដើម្បីបន្តប្រតិបត្តិការនិយ័តភាព ការធ្វើកិច្ចលទ្ធកម្ម និង ការចំណាយ
– អាចដឹងពីការចំណាយ ការធ្វើកិច្ចលទ្ធកម្ម ការធ្វើរជ្ជទេយ្យបុរេប្រទានអស់ប៉ុន្មាន
– អាចត្រួតពិនិត្យឥណទានតាមមាតិកាសេដ្ឋកិច្ច និង មាតិកាកម្មវិធី សម្រាប់ច្បាប់ថវិកាទាំងមូលរបស់សាមីក្រសួង-ស្ថាប័នឬ អង្គភាព
– ចំណេញពេលវេលាច្រើនក្នុងការបញ្ចូលប្រតិបត្តិការទៅក្នុងប្រព័ន្ធដោយអាចឱ្យអ្នកប្រើប្រាស់បញ្ចូលប្រតិបត្តិការតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធីបានច្រើនក្នុងពេលតែមួយ
– អាចដឹងប្រតិបត្តិការនៅក្នុងប្រព័ន្ធដល់កន្លែងណាដោយលំហូរការងារខាងក្នុង និង ខាងក្រៅប្រព័ន្ធបានបន្ស៊ីគ្នា
– អាចទាញរបាយការណ៍ចំណូល ចំណាយតាមមាតិកាសេដ្ឋកិច្ចនិង មាតិកាកម្មវិធី ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ខែ វិច្ឆិកា ដល់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ដោយបណ្តុះបណ្ដាលទៅលើ៖
– មុខងារមួយចំនួនរបស់ប្រព័ន្ធ FMIS ដូចជាមុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ
– ការត្រួតពិនិត្យរបាយការណ៍ក្នុងប្រព័ន្ធ FMIS
– នីតិវិធីថ្មីសម្រាប់ការបើកប្រាក់បៀវត្ស និង ចំណាយទូទាត់ត្រង់ហានិភ័យទាប
– ប្រព័ន្ធជំនួយគាំទ្រ PK The Helper
– គោលការណ៍ណែនាំស្តីអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី
– គណនេយ្យសាធារណៈ
– នីតិវិធីអនុវត្តស្តង់ដារ ។