+855 23 43 00 63

4

Oct, 2018

វឌ្ឍនភាពក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាក្នុងត្រីមាសទី១ និងទី២ឆ្នាំ២០១៨ សម្រេចបានជាង៩០%

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងត្រួតពិនិត្យលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ និងទី២ សម្រាប់ឆ្នាំ២០១៨ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ រួមមាន ការត្រួតពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម ព្រមទាំងការកំណត់ទិសដៅការងារសម្រាប់ជំហានបន្ទាប់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នេះ ។

កិច្ចប្រជុំនេះមានការចូលរួមពី សមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង-ស្ថាប័ន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ដែលមានសមាសភាពមកពីសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងធនាគាពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០១៨ នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានបង្ហាញថា ជារួមផែនការសកម្មភាពសម្រាប់ត្រីមាសទី១សម្រេចបាន ៩៧% និងត្រីមាសទី២ សម្រេចបាន៨៨% ក្នុងនោះផ្នែកទី១ គឺភាពជឿទុកចិត្តបាននៃថវិកាសម្រេចបាន៩៨% ផ្នែកទី២ គឺគណនេយ្យភាពហិរញ្ញវត្ថុសម្រេចបាន៩៦% ផ្នែកទី៣គឺ ការផ្សារភ្ជាប់ថវិកាទៅនិងគោលនយោបាយសម្រេចបាន ៩៥% ផ្នែកទី៤គឺ ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់សម្រេចបាន៩៨% និងផ្នែកទី៥គឺ ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាពសម្រេចបាន៩៨%។

ការអនុវត្តគម្រោង FMIS គឺស្ថិតក្នុងផ្នែកទី២ គណនេយ្យភាពហិរញ្ញវត្ថុ ក្នុងនោះប្រព័ន្ធ FMIS បានចុះកិច្ចសន្យាផ្គត់ផ្គង់ការកសាងមជ្ឈមណ្ឌលទិន្នន័យសម្រាប់អនុវត្តជំហានទី២ ជាមួយក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ បន្ថែម នៅដើមឆ្នាំ២០១៩ខាងមុខ។ វឌ្ឍនភាពសំខាន់ៗរបស់គម្រោង FMIS គឺក្រុមការងារបានបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ លើការធ្វើសន្ធនាកម្មចំនួនពីរគឺ ទី១.រៀបចំសន្ធានកម្មព័ត៌មានក្រុមហ៊ុនចុះបញ្ជីអាជីវកម្មមកប្រព័ន្ធ FMIS ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមហ៊ុនដែលទទួលបានការទូទាត់ពីថវិការដ្ឋ  ទី២. សន្ធានកម្មព័ត៌មានចំណូលពន្ធដារ៖ ក្រុមការងារបានជួបពិភាក្សាលម្អិតបន្ថែមឡើងវិញជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យមើលតម្រូវការលម្អិតសម្រាប់ការងារសន្ធានកម្មព័ត៌មានចំណូលពន្ធដារមកប្រព័ន្ធ FMIS ព្រមទាំងបានធ្វើការទូទាត់ប្រតិបត្តិការមួយចំនួនជូនអ្នកផ្គត់ផ្គង់តាមរយៈ EFT (Electronic Fund Transfer) ការទូរទាត់តាមប្រព័ន្ធអេឡិចត្រូនិច ក្នុងប្រព័ន្ធ FMIS។

ក្នុងកិច្ចប្រជុំនោះ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានធ្វើការសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួម ព្រមទាំងការបញ្ចប់នូវចំណាត់ថ្នាក់ថវិកាទាំង៧ និងការពង្រីកការអនុវត្តប្រព័ន្ធ FMIS នៅជំហានទី២ ផងដែរ ក្នុងការពង្រឹកការយល់ដឹងអំពីប្រព័ន្ធ FMIS កាន់តែទូលំទូលាយ ហើយបានលើកទឹកចិត្តក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័ន ធ្វើ់ការយកចិត្តទុកដាក់ផ្តោតលើការងារការគ្រប់គ្រងការផ្លាស់ប្តូរ ( Change Management ) ការកំណត់នីតិវិធីអនុវត្តស្តង់ដារការងារ (Business Process Streamlining) និងការផ្តល់អំណាចដល់អង្គភាពថវិកាដែលជាអណាប័កផ្ទេរសិទ្ធរបស់ក្រសួង-ស្ថាប័នដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធ FMIS   ។

តាមរបាយការណ៍វឌ្ឍនភាពដដែល បានឱ្យដឹងបន្ថែមទៀតថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័នសម្រេចបានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សំគាល់ទាំងការប្រមូលចំណូល ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តថវិកាកម្មវិធីកាន់តែមានប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព។ ប៉ុន្តែ ស្ថានភាពនៃការរៀបចំ និងអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាដើម្បីឱ្យស្របតាមប្រកាសស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្នុងអភិក្រមបុរេសកម្ម អន្តរសកម្ម និងសកម្ម ៕