9
Dec, 2014
ការបង្ហាញពីប្រព័ន្ធ FMIS ដែលមានរយៈពេល ២ថ្ងៃ
ក្រុមការងារនីតិវិធីអនុវត្តការងារនៃគម្រោង FMIS បានធ្វើការបង្ហាញពីប្រព័ន្ធ FMIS ដល់ក្រុមការងារគម្រោងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលបានរៀបចំឡើងនៅបន្ទប់ប្រជុំរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការបង្ហាញពីប្រព័ន្ធនេះគឺមានគោលបំណងឱ្យក្រុមការងារគម្រោងបានឃើញអំពីដំណើរការរបស់ប្រព័ន្ធដោយផ្អែកលើឧទាហរណ៍ខ្លះៗដែលគ្របដណ្តប់តែប្រតិបត្តិការចម្បង និងប្រតិបត្តិការស្នូលតែប៉ុណ្ណោះ។ ក៏ជាឱកាសដ៏ល្អមួយសម្រាប់ឱ្យភាគីពាក់ព័ន្ធលើកជាសំណួរ កិច្ចពិភាក្សាព្រមទាំងផ្តល់យោបល់ចំពោះផ្នែកនីមួយៗនៃការបង្ហាញប្រព័ន្ធ។ ការយល់ដឹងជាទូទៅ ប្រតិកម្មត្រលប់ និងយោបល់របស់ក្រុមការងារគឺជាធាតុចូលយ៉ាងសំខាន់សម្រាប់រៀបចំការបង្ហាញប្រព័ន្ធបន្តបន្ទាប់ទៀត។
ការបង្ហាញប្រព័ន្ធបានទាក់ទាញការចាប់អារម្មណ៍របស់សមាជិកក្រុមការងារមកពីអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យា។ អ្នកតំណាងមកពីធនាគារពិភពលោកក៏បានចូលរួមផងដែរ។
អ្នកជំនាញការរបស់ក្រុមហ៊ុនផ្គត់ផ្គង់ (FIS-LG CNS) បានបង្ហាញមុខងាររបស់ប្រព័ន្ធទៅតាមជំនាញរៀងៗខ្លួន៖ សៀវភៅធំ (GL) វិភាជន៍ថវិកា (BA) បង្ហាញដោយលោក Manas Kumar Mohapatra; បញ្ជាទិញ (PO) គណនីត្រូវសង (AP) បង្ហាញដោយលោក Pradeep Kumar Vaila; គ្រប់គ្រងសាច់ប្រាក់ (CM) គណនីត្រូវទារ (AR) បង្ហាញដោយកញ្ញា Siew Lin Koay។
សម្រាប់ការបង្ហាញពីប្រព័ន្ធ ក្រុមការងារទទួលបានការណែនាំឱ្យយល់ដឹងអំពីរបៀបអនុវត្ត ដំណើរការប្រតិបត្តិការ និង ស្វែងយល់អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS។
– អំពីសៀវភៅធំ៖ ក្រុមការងារយល់ដឹងអំពីការកំណត់ចំណាត់ថ្នាក់ថវិកា (Chartfields), វិធានកែសម្រួលការបញ្ចូលគ្នា (editing combination rule) , ការបង្កើតជាក្រុមនៅកម្រិតសៀវភៅបញ្ជី (group enabling at the ledger level) និង ការប្រើប្រាស់ទិន្នន័យរបស់ Chartfields បញ្ចូលគ្នា (combination values)។ ក្រុមការងារក៏យល់ដឹងផងដែរអំពីបានដឹងអំពី របៀបរៀបចំដំឡើង Chartfields បញ្ចូលទិន្នន័យ Chartfields បង្កើតប្រតិបត្តិការនៅក្នុង ទិន្នានុប្បវត្តិ ត្រួតពិនិត្យផ្ទៀងផ្ទាត់សៀវភៅធំ បញ្ចូលប្រតិបត្តិការទៅក្នុងសៀវភៅធំ និងបង្កើតសៀវភៅបញ្ជីផ្សេងៗគ្នាដោយការប្រើចំណាត់ថ្នាក់គណនី ការបញ្ចូលគ្នារវាងចំណាត់ថ្នាក់គណនីជាមួយនឹងចំណាត់ថ្នាក់រដ្ឋបាល ឬចំណាត់ថ្នាក់គណនីជាមួយនឹងចំណាត់ថ្នាក់អង្គភាពប្រតិបត្តិការ និងចំណាត់ថ្នាក់រដ្ឋបាល ជាដើម។
– អំពីវិភាជន៍ថវិកា៖ ក្រុមការងារយល់ដឹងអំពីការកំណត់នៃការត្រួតពិនិត្យថវិកា (Budget Control) ទិនានុប្បវត្តិថវិកា (budget journals)និងក្របខណ្ឌនៃការអនុម័តសម្រាប់ដំណើរការទិន្នានុប្បវត្តិថវិកា។ អ្នកជំនាញបានបង្ហាញដល់អ្នកចូលរួមអំពីការសាកល្បងបង្កើតទិន្នានុប្បវត្តិថវិកា ការកែសម្រួល ការចុះ ទិន្នានុប្បវត្តិថវិកា ការបញ្ចូលទិន្នានុប្បវត្តិថវិកាចូលទៅក្នុងសៀវភៅបញ្ជី និងការបង្កើតការត្រួតពិនិត្យឡើងវិញទៅលើការវិភាគខុសៗគ្នាសម្រាប់ទិន្នានុប្បវត្តិថវិកា និងសៀវភៅបញ្ជីថវិកា។
– អំពីគណនីត្រូវទារ៖ ក្រុមការងារយល់ដឹងអំពីរបៀបបង្កើតអតិថិជនថ្មី (ឈ្មោះអតិថិជន អាសយដ្ឋាន បុគ្គលសម្រាប់ទំនាក់ទំនង មធ្យោបាយទំនាក់ទំនង ឯកសារភ្ជាប់។ល។) ដើម្បីបង្កើតប្រតិបត្តិការសម្រាប់ការដាក់ប្រាក់ (Deposit) ដើម្បីបង្កើតការចុះគណនេយ្យសម្រាប់ការដាក់ប្រាក់ និងដើម្បីកំណត់សកម្មភាពបញ្ចូល និងដំណើរបញ្ចូលប្រតិបត្តិការទៅក្នុងសៀវភៅធំ។
– អំពីគ្រប់គ្រងសាច់ប្រាក់៖ ក្រុមការងារយល់ដឹងអំពីរបៀបបង្កើត ឈ្មោះធនាគារថ្មី សាខាធនាគារ គណនីធនាគារ ការផ្ទេរមូលនិធិពីគណនីធនាគារមួយទៅកាន់គណនីធនាគារមួយផ្សេងទៀត ការចុះគណនេយ្យផ្ទេរមូលនិធិទៅក្នុងការគ្រប់គ្រងសាច់ប្រាក់ និងបញ្ចូលទៅក្នុងសៀវភៅធំ។
– អំពីការទិញ៖ ក្រុមការងារយល់ដឹងអំពីការកំណត់នៃធាតុ (Item) របៀបបង្កើតសំណើ (Requisition) បញ្ជាទិញ (Purchase Order) វិក្កយបត្រ (Receipt) និង អំពីរបៀបធ្វើបច្ចុប្បន្នភាពធាតុនីមួយៗ (Item) និងពិនិត្យថវិកាសម្រាប់ការបញ្ជាទិញក្នុងកម្មវិធី PeopleSoft នៃប្រព័ន្ធ FMIS។
– អំពីគណនីត្រូវសង៖ ក្រុមការងារយល់ដឹងអំពីការកំណត់អ្នកផ្គត់ផ្គង់ របៀបធ្វើបច្ចុប្បន្នភាពអ្នកផ្គត់ផ្គង់ បង្កើតសក្ខីបត្រ ការទូទាត់ដោយដៃ និងអំពីកំណត់ការត្រួតពិនិត្យថវិកា ការបញ្ចូលទៅក្នុងសៀវភៅធំ និងការចុះគណនេយ្យក្នុងកម្មវិធី PeopleSoft នៃប្រព័ន្ធ FMIS។
ការបង្ហាញពីប្រព័ន្ធ FMIS បានបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ហើយក្រុមការងារបានយល់ដឹងច្បាស់អំពីគោលបំណង នៃការបង្ហាញប្រព័ន្ធនេះ។ ក្រុមការងារបានមើលឃើញអំពីទិដ្ឋភាពទូទៅនៃដំណើរការរបស់ប្រព័ន្ធ របៀបចូលទៅកាន់ប្រព័ន្ធ រូបភាពប្រព័ន្ធ យល់ដឹងអំពីមុខងារចម្បងៗនៃប្រព័ន្ធ FMIS និង ទិន្នន័យមេ (Master Data) នៃមុខងារនីមួយៗ។ ការបង្ហាញពីប្រព័ន្ធត្រូវបានរំពឹងទុកថានឹងរៀបចំតាំងពីបីខែមុន ដើម្បីឱ្យក្រុមការងារយល់ដឹងច្បាស់លាស់អំពីការរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត។ បន្ទាប់ពីការបង្ហាញពីប្រព័ន្ធនេះ គ្រប់សមាជិកនៃក្រុមការងារ នឹងមានលទ្ធភាពបន្តពិនិត្យឡើងវិញលើឯកសារនីតិវិធីអនុវត្តការងារអនាគតសម្រាប់ប្រព័ន្ធ FMIS យ៉ាងងាយស្រួលក៏ដូចជាលទ្ធភាពដើម្បីផ្សព្វផ្សាយ ចែករំលែក និងផ្ទេរចំណេះដឹងដល់មន្ត្រីពាក់ព័ន្ធ ឬមន្រ្តីរួមការងារផ្សេងៗ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋានអំពីប្រព័ន្ធ FMIS និងប្រតិបត្តិការរបស់ប្រព័ន្ធ ដែលជាយុទ្ធសាស្រ្តមួយនៃការទំនាក់ទំនងផ្សព្វផ្សាយ ក្នុងក្របខណ្ឌនៃការគ្រប់គ្រងការផ្លាស់ប្តូរ។
យោងតាមផែនការនៅដើមខែធ្នូ ឆ្នាំ ២០១៤នេះ ក្រុមនីតិវីធីអនុវត្តការងារនឹងបន្តរៀបចំការបង្ហាញប្រព័ន្ធជាលើកទី២។ ការបង្ហាញប្រព័ន្ធបន្ទាប់នឹងផ្តោតទៅលើប្រតិបត្តិការស្នូលលម្អិតបន្ថែម និងរបាយការណ៍។
សូមទាញយកឯកសារស្តីពីការបង្ហាញពីប្រព័ន្ធ