
2
Jan, 2023
ឈ្វេងយល់ពីការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS
ការអនុវត្តនីតិវិធីថ្មីទាំងស្រុងតាមប្រព័ន្ធ FMIS គឺជាការកាត់តម្រឹមជំហាន នៃនីតិវិធីការងារខាងក្រៅប្រព័ន្ធ FMIS និង ការកាត់បន្ថយឯកសារជាក្រសដាស ឱ្យបានជាអតិបរិមា ឬទាំងស្រុង ស្របតាមនីតិវិធីបែបឧត្តមានុវត្តន៍ ដែលកំពុងអនុវត្តនៅប្រទេសជឿនលឿននានាលើសាកលលោក ដោយត្រូវកំណត់ថេរវេលាច្បាស់លាស់ក្នុងការអនុវត្តការងារនៅដំណាក់កាលនីមួយៗ ពីដំណាក់កាលចាប់ផ្តើមរហូតដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីអនុវត្តការងារ ។
ការបង្កើត សំណើសុំធានាចំណាយក្នុងប្រព័ន្ធ FMIS
ដើម្បីអាចស្នើសុំធានាចំណាយទិញអ្វី ១ បានដែលមិនមែនកិច្ចលទ្ធកម្ម មន្ត្រីនៅតាមក្រសួង-ស្ថាប័ន ត្រូវធ្វើការបង្កើតសំណើសុំធានាចំណាយក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយត្រូវឆ្លងកាត់អ្នកត្រួតពិនិត្យ បន្ទាប់មកត្រូវបញ្ចូនមកដល់អ្នកអនុម័តដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នសាមី ។ បន្ទាប់ពីថ្នាក់ដឹកនាំនៃក្រសួងសាមីអនុម័តរួចហើយ ប្រតិបត្តិការនឹងត្រូវបញ្ចូនបន្ត មកកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអភិបាលហិរញ្ញវត្ថុ ។ នៅដំណាក់កាលអភិបាលហិរញ្ញវត្ថុ ប្រតិបត្តិការត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួង-ស្ថាប័ន, ការិយាល័យជំនាញទទួលបន្ទុកក្រសួង-ស្ថាប័ន នៃនាយកដ្ឋានហិរញ្ញកិច្ច, ប្រធាននាយកដ្ឋានហិរញ្ញកិច្ច, អគ្គនាយករងទទួលបន្ទុកក្រសួង-ស្ថាប័ន និង ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា។ បន្ទាប់ពីប្រតិបត្តិការ ត្រូវបានត្រួតពិនិត្យ និង ផ្តល់យោបល់ដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថវិកា នោះប្រតិបត្តិការនឹងត្រូវបញ្ចូនមកថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអភិបាលហិរញ្ញវត្ថុ ដើម្បីបន្តត្រួតពិនិត្យ និង អនុម័ត រួមមាន៖ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានថវិកា, ឯកឧត្តមអនុរដ្ឋលេខាធិការ ឬ រដ្ឋលេខាធិការទទួលបន្ទុកក្រសួង-ស្ថាប័ន (តាមក្រសួងនីមួយៗ), ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ហើយចុងក្រោយមកដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ដំណាក់កាលអាណត្តិទូទាត់
បន្ទាប់ពីទទួលបានការឯកភាពផ្តល់ធានាចំណាយ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមក៖ ក្រសួង-ស្ថាប័ន អាចធ្វើការទិញទំនិញ ឬ សេវាកម្ម ដើម្បីបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃរបស់ខ្លួន ។ ក្រោយទទួលបានទំនិញ ឬ សេវាកម្ម ក្រសួង-ស្ថាប័ន ត្រូវស្នើសុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទូទាត់ជូនក្រុមហ៊ុនផ្គត់ផ្គង់ តាមរយៈប្រព័ន្ធ FMIS ទាំងស្រុង ។ បន្ទាប់មក មន្ត្រីនៃក្រសួង-ស្ថាប័ន ត្រូវបង្កើតអាណត្តិក្នុងប្រព័ន្ធ FMIS នឹងដាក់ឱ្យដំណើរការនៃប្រតិបត្តិការអាណត្តិទូទាត់ គឺដូចគ្នាទៅនឹងដំណើរការនៃការ ស្នើសុំធានាចំណាយដូច្នោះដែរ ពោលគឺរាប់ចាប់តាំងពីការបង្កើតប្រតិបត្តិការ រហូតមកដល់ការអនុម័តសម្រេចដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ។ បន្ទាប់ពីថ្នាក់ដឹកនាំអនុម័តអាណត្តិទូទាត់នៅក្នុងប្រព័ន្ធ FMIS រួចហើយ ជំហានបន្ទាប់ទៀតគឺត្រូវបញ្ចូនប្រតិបត្តិការទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាគណនេយ្យករសាធារណៈ មាននាយកដ្ឋានចំនួនពីរ ទទួលបន្ទុករួមមាន នាយកដ្ឋានចំណាយថវិកា និង នាយកដ្ឋានគណនេយ្យ ។ នៅក្នុងនាយកដ្ឋានចំណាយថវិកា ប្រតិបត្តិការត្រូវឆ្លងកាត់មន្ត្រីត្រួតពិនិត្យជំនាញ, មន្ត្រីត្រួតពិនិត្យចុងក្រោយនិងកាត់ពន្ធ ព្រមទាំងមន្ត្រីអនុម័ត និង Posting ។ បន្ទាប់មកទៀត ប្រតិបត្តិការ នឹងត្រូវបញ្ចូនមកនាយកដ្ឋានគណនេយ្យដើម្បីបង្កើតប្រតិបត្តិការទូទាត់សាច់ប្រាក់តាមរយៈអេឡិចត្រូនិក ដែលហៅកាត់ថា “EFT” ។ ការទូទាត់សាច់ប្រាក់តាមរយៈអេឡិចត្រូនិក ទៅកាន់ប្រព័ន្ធធនាគារជាតិនៃកម្ពុជា OBS (Online Banking System) គឺត្រូវឆ្លងកាត់អ្នកត្រួតពិនិត្យ (Checker) និង អ្នកអនុម័ត (Authorizer) ដើម្បីបញ្ចប់ មុនពេលសាច់ប្រាក់ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬ អ្នកទទួលផល។
សូមបញ្ជាក់ថា នៅក្នុប្រព័ន្ធ FMIS អ្នកប្រើប្រាស់អាចតាមដានប្រតិបត្តិរបស់ខ្លួនថា តើប្រតិបត្តិការដែលខ្លួនបានស្នើសុំនោះ នៅទីណា, ដំណើរការទៅដល់ណាហើយ តាមរយៈរំហូរការងារអនុម័ត ក្នុងប្រព័ន្ធ FMIS ទាំងស្រុង ។ នៅក្នុងរំហូរការងារអនុម័តនេះ មានការកត់ត្រានៅកាលបរិច្ឆេទ និង ពេលវេលា នៃការបញ្ជូនប្រតិបត្តិការ ការបដិសេធ ការព្យួរ ការរុញត្រលប់ និង ការអនុម័ត ព្រមទាំងអ្នកទទួលបន្ទុកនៅគ្រប់ជំហានយ៉ាងច្បាស់លាស់ ។
ការអនុវត្តនិតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមានដូចជា៖
១.កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និង មធ្យោបាយធ្វើដំណើរ ក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ,
២. មានភាពលឿន និង រហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ ការទូទាត់អាណត្តិ,
៣. មានតម្លាភាព និង គណនេយ្យភាពក្នុងការអនុវត្តថវិកា ដោយអ្នកស្នើសុំអាចមើលដឹងស្ថានភាព នៃការស្នើសុំរបស់ខ្លួនតាមដំណាក់កាលនីមួយៗ ៕