+855 23 43 00 63

19

Aug, 2021

រដ្ឋាភិបាលឌីជីថល

ដោយ៖: | Tags: | មតិយោបល់: 0

រដ្ឋាភិបាលឌីជីថល (Digital Government) មានតួនាទីបង្កើតក្របខណ្ឌ និង យន្តការសម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថល, ការធ្វើឌីជីថលូបនីយកម្ម និង ការរៀបចំក្របខណ្ឌគតិយុត្តថ្នាល និង កម្មវិធីគាំទ្រនានាជាច្រើន សម្រាប់ធានាការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអភិវឌ្ឍ និង ដាក់ឱ្យអនុវត្តតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និង ថ្នាក់ក្រោមជាតិ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial  Management  Information System – FMIS)  ដែលជាប្រព័ន្ធទំនើបកម្ម, ធ្វើស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រព័ន្ធថវិកាជាមួយប្រព័ន្ធរតនាគារជាតិ ដើម្បីធានាប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព ក្នុងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និង ការផ្តល់សេវាសាធារណៈ បានឆាប់រហ័ស, មានប្រសិទ្ធភាព  និង ទាន់ពេលវេលា ។ ប្រព័ន្ធទំនើបកម្មបានអនុវត្តស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រព័ន្ធថវិកាជាមួយនឹងប្រព័ន្ធរតនាគារ ដែលជាឃ្លាំងផ្ទុកព័ត៌មានសម្រាប់ការវិភាគគ្រប់ជ្រុងជ្រោយ, ជាក់លាក់, មានប្រសិទ្ធភាព និង អាចជឿទុកចិត្តបាន ។

ការអនុវត្ត​ សេដ្ឋកិច្ចឌីជីថល បានផ្តល់នូវអត្ថប្រយោជន៍ ៤ សម្រាប់សង្គមជាតិ រួមមាន ១. បង្កើនប្រសិទ្ធភាព និង ផលិតភាពសេដ្ឋកិច្ច ជាមួយនឹងការបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈគ្រប់ប្រភេទរបស់រដ្ឋ និង សេវាសម្រួលសកម្មភាពធុរកិច្ច ២. តភ្ជាប់ប្រជាជនជាមួយចរន្តសកលូបនីយកម្មទីផ្សារ និង បច្ចេកវិទ្យាទំនើប ដើម្បីទទួលបានព័ត៌មាន, ចំណេះដឹង, ទស្សនៈ និង របៀបនៃការរស់នៅបែបថ្មី ។ ការតភ្ជាប់អង្គភាពអាជីវកម្មជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ដែលមានថ្នាលឌីជីថល, ធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច, បង្កើនផលប្រយោជន៍ទាំងអ្នកផលិត និង អ្នកប្រើប្រាស់ ៣. វិស័យឌីជីថលដែលផ្អែកលើអ៊ិនធឺណិតនឹងធ្វើឱ្យមានពិពិធកម្មកាន់តែខ្លាំង ក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និង សេវាកម្មជាមួយនឹងប្រព័ន្ធអន្តរកម្ម ៤. វិស័យឌីជីថលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី, លើកកម្ពស់កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

រដ្ឋាភិបាលឌីជីថល ( Digital government) ជាអ្នកបង្កើតក្របខណ្ឌ និង យន្តការសម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថល និង ការធ្វើឌីជីថលូបនីយកម្មរដ្ឋបាល ។ ឌីជីថលូបនីយកម្មនៅក្នុងប្រទេសអភិវឌ្ឍ និង កំពុងអភិវឌ្ឍ បានជ្រៀតចូលជ្រៅទៅក្នុងស្ថាប័នរដ្ឋទាំងឡាយជាច្រើនទសវត្សរ៍ តាមរយៈការរៀបចំថ្នាក់ក្របខណ្ឌគតិយុត្ត និង កម្មវិធីគាំទ្រនានាជាច្រើនសម្រាប់ធានាការរីកលូតលាស់នៃ រដ្ឋបាលឌីជីថល និង សេដ្ឋកិច្ចឌីជីថល ។

បច្ចេកវិទ្យាឌីជីថល ក្នុងក្របខណ្ឌបដិវត្តឧស្សាហកម្មបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សង្គម-សេដ្ឋកិច្ចនៃប្រជាជាតិនីមួយៗ, អត្ថប្រយោជន៍ទាំងឡាយ មិនអាចទទួលបានដោយងាយៗឡើយ ហើយសង្គមជាតិនីមួយៗ មិនអាចស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលបានភ្លាមៗដែរ ។ រដ្ឋត្រូវសកម្មក្នុងការប្រមើល  និង  បុរេសកម្ម ក្នុងការចាត់វិធានការឆ្លើយតប នឹងនិន្នាការផ្លាស់ប្តូរ, ការវិវឌ្ឍបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្ស និង សង្គម,ហេដ្ឋារចនាសម្ព័ន្ធ (ទន់ និង រឹង) ការអភិវឌ្ឍប្រព័ន្ធអប់រំ, ប្រព័ន្ធគាំពារសង្គម និង រចនាសម្ព័ន្ធស្ថាប័នរដ្ឋ សំដៅធានាអត្ថប្រយោជន៍, ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជន, សេដ្ឋកិច្ច និង សង្គម ។ 

បច្ចុប្បន្ន, សកលលោកបានប្រើប្រាស់ប្រព័ន្ធទំនើបកម្ម គឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ( Financial Management Information System ) ដែលធ្វើស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រព័ន្ធថវិកាជាមួយនឹងប្រព័ន្ធរតនាគារជាតិ ក្នុងទិសដៅធានាប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ក្នុងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ (ចំណូល-ចំណាយថវិកាជាតិ) ហើយក៏ជាឃ្លាំងផ្ទុកទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគគ្រប់ជ្រុងជ្រោយ, ឆាប់រហ័ស, មានប្រសិទ្ធភាព និង អាចជឿទុកចិត្តបាន ។

 រដ្ឋជោគជ័យក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ទុកព័ត៌មាន, ទិន្នន័យ និង ស្ថិតិ (ពាក់ព័ន្ធកិច្ចការសង្គម-សេដ្ឋកិច្ច) សម្រាប់វិភាគព័ត៌មាន, ទិន្នន័យ និង ស្ថិតិទាំងឡាយ ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍ, ផ្តល់សេវាសាធារណៈ, សម្របសម្រួលកិច្ចការលើកទឹកចិត្តវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។

បច្ចុប្បន្នភាពរដ្ឋជោគជ័យក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ គឺ រដ្ឋសកម្មក្នុងការប្រមើល និង បុរេសកម្មក្នុងការចាត់វិធានការឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការប្រែប្រួល, ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បី រៀបចំ, គ្រប់គ្រង, តាមដាន និង ត្រួតពិនិត្យ ការអនុវត្តគ្រប់ការងារស្ថាប័នឱ្យស្ថិតក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើគោលការណ៍ប្រតិតុល្យការ និង ប្រព័ន្ធគោលតម្លៃ ដែលមានកិច្ចដំណើរការគ្រប់ជ្រុងជ្រោយ ក្នុងគ្រប់កិច្ចការផ្គត់ផ្គង់សេវាសាធារណៈ, ការគាំទ្រ និង ការសម្របសម្រួលនានា ជាមួយនឹងការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន (រួមទាំងធុរជន) ប្រកបដោយចក្ខុវិស័យដឹកនាំវែងឆ្ងាយ និង ការអភិវឌ្ឍប្រកបដោយចីរភាព ដែលមាននីតិរដ្ឋជាឆ្អឹងខ្នង ។      

ប្រភព៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប, ទស្សនៈសេដ្ឋកិច្ចវិទូ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (រាជធានីភ្នំពេញ ២០២១)