
16
Nov, 2021
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១០
ក្រុមការងារគ្រប់គ្រងគម្រោង FMIS កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១០ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធ ដែលនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ សម្រាប់ការគ្រប់គ្រងនិងការអនុវត្តថវិកា និង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning System) របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការប្រើប្រាស់កម្មវិធី Zoom ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៥២រូប ក្នុងនោះមានស្រ្តីចំនួន ១៦រូប និងបុរសចំនួន ៣៦រូប ។
តាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
១. ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រងនិងការអនុវត្តថវិកា និង ហិរញ្ញវត្ថុ ។
២. កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ ។
៣. តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ។
៤. ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា ។
៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ ។
៦. អាចតាមដាននូវលំហូរប្រតិបត្តិការ តាមរយៈលំហូរប្រតិបត្តិការក្នុងប្រព័ន្ធ FMIS នៅគ្រប់ដំណាក់កាល (រួមមានដំណាក់កាលអាណាប័ក ដំណាក់កាលអភិបាលហិរញ្ញវត្ថុ និង គណនេយ្យករសាធារណៈ ) ។
៧. ជាការពិតណាស់ នៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ នៅពេលនីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង ត្រូវបានដាក់ឱ្យអនុវត្ត ។