
2
May, 2017
ធនាគារពិភពលោក៖ ការប្រើប្រាស់ប្រព័ន្ធ FMIS មានការពង្រឹងបានយ៉ាងច្រើន
មន្ត្រីរបស់ធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគារភាគច្រើនមានការពង្រឹងបានយ៉ាងច្រើន បើធៀបទៅនឹងការអនុវត្តក្នុងដំណាក់កាលសាកល្បង ក្នុងឆ្នាំ២០១៦ កន្លងមក។
ការលើកឡើងនេះគឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក បានចុះទៅធ្វើការសិក្សា និងតាមដានលើការអនុវត្តការងារក្នុងប្រព័ន្ធ FMIS នៅរតនគារខេត្តចំនួន៨ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅរតនាគារ បានរយៈពេលជា១ឆ្នាំកន្លងមក នៅក្នុងជំហានទី១ នៃការអនុវត្តគម្រោង។
ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៧នេះ រតនាគារខេត្តទាំងអស់បានបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុជាប្រចាំ ទៅក្នុងប្រព័ន្ធ FMIS តែមួយគត់បានទាន់ពេលវេលា មានលទ្ធភាពទាញយករបាយការណ៍ចំណូល-ចំណាយ ការត្រួតពិនិត្យថវិកា និងការចុះបញ្ជិកាគណនេយ្យបានដោយសុក្រឹតភាព។
លើសពីនេះទៅទៀត មន្ត្រីភាគច្រើនបានយល់ដឹងកាន់តែច្បាស់អំពីមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងការឈានទៅរកភាពជាម្ចាស់ទាំងស្រុង ក្នុងការចាប់យកប្រព័ន្ធ FMIS ដើម្បីប្រើប្រាស់ជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់នៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងបេសកកម្មលើកនេះមានការចូលរួមពីសំណាក់មន្ត្រីនៃធនាគារពិភពលោក មន្ត្រីតំណាងរតនាគារខេត្តព្រះសីហនុ និងកោះកុងចំនួន ២រូប និងមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូល ចងក្រងព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោង FMIS ក្នុងពេលកន្លងមក។
ខាងក្រោមនេះគឺជារូបថតបង្ហាញពីសកម្មភាព និងព័ត៌មានបន្ថែមមួយចំនួនក្នុងកំឡុងបេសសកម្មរបស់ធនាគារពិភពលោកទៅកាន់រតនាគារទាំង៨។
- ខេត្តត្បូងឃ្មុំ (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧)
- ខេត្តកំពង់ចាម (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧)
- ខេត្តកំពង់ធំ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧)
- ខេត្តសៀមរាប (ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧)
- ខេត្តឧត្ដរមានជ័យ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧)
- ខេត្តបន្ទាយមានជ័យ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧)
- ខេត្តបាត់ដំបង (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧)
- ខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧)