
28
Aug, 2017
ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា៖ កម្ពុជាគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ឡាវដកស្រង់ពីបទសោធន៍ជោគជ័យនៃការអនុវត្តគម្រោង FMIS
លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ប្រទេស ឡាវ មករៀនសូត្រ និង ដកស្រង់ពីបទពិសោធន៍ជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាពិសេសនោះគឺអំពីសមត្ថភាពនៃការចែករំលែកចំណេះដឹង ដែលជាកត្តាជម្រុញឱ្យការអនុវត្តគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ទទួលបានផ្លែផ្កាល្អ ។ លោកស្រីមានប្រសាសន៍បែបនេះ ក្នុងកំឡុងពេលដែលលោកស្រីបានចូលរួមនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងលោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំងក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវីធី ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ ដើម្បីមកសិក្សា និងដកស្រង់បទពិសោធន៍នៃការអនុវត្តគម្រោង FMIS នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកស្រី Inguna Dobraja បានបន្ថែមថា បើទោះបីជាការអនុវត្តគម្រោង FMIS នៅកម្ពុជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែទន្ទឹមនឹងនេះវាក៏ត្រូវការពេលវេលាមួយសមស្របផងដែរ។ លោកស្រីថា “ការកសាងប្រព័ន្ធថ្មីមួយ ឬ ការកសាងស្ថាប័នណាមួយគឺប្រើប្រាស់ពេលវេលាយូរ ហើយពិបាកជាងការសាងសង់ផ្លូវ ឬ ស្ពានទៅទៀត។”
ស្របពេលជាមួយគ្នានេះដែរ លោកស្រី Inguna Dobraja ក៏បានកោតសរសើរដល់ឯកឧត្តមបណ្តិត ហ៊ាន សាហ៊ីប ដែលជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS អំពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម រួមជាមួយនឹងក្រុមការងាររបស់ឯកឧត្តមផ្ទាល់ ដើម្បីជម្រុញដំណើរការការអនុវត្តគម្រោង FMIS ដើរដោយរលូន ៕