+855 23 43 00 63

11

Oct, 2023

អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ដោះស្រាយបញ្ហាប្រឈមឱ្យទាន់សភាពការណ៍ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោងFMIS បានដឹកនាំដោយផ្ទាល់ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ សុក្រ ១៥កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៣ ។

នៅក្នុងកិច្ចប្រជុំ មន្ត្រីពាក់ព័ន្ធបានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS រួមមាន៖ ការរៀបចំ និង ពិនិត្យមើលលើមុខងាររៀបចំផែនការថវិកា, ការពិនិត្យ និង តាមដានជាប្រចាំនៃបច្ចុប្បន្នភាពរបស់ FMIS, ការគ្រប់គ្រងព័ត៌មានរបស់អ្នកប្រើប្រាស់, ការត្រៀមដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុងទៅកាន់ការដ្ឋានថ្មីៗ។ លើសពីនេះផងដែរ អង្គប្រជុំក៏បានពិភាក្សាបន្ថែម អំពីរបៀបនៃការគ្រប់គ្រងទិន្នន័យរបាយការណ៍នានា និង ឯកសាររបស់អគ្គនាយកដ្ឋានតាមរយៈកម្មវិធីទំនើបកម្ម។ ឯកឧត្តមអគ្គនាយក បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធឱ្យបន្តតាមដាន ត្រួតពិនិត្យជាប្រចាំលើច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បីត្រៀមខ្លួនសហការឱ្យបានរួចជាស្រេចក្នុងសកម្មភាពបច្ចេកទេសនានា។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអគ្គនាយក បានបន្តផ្តែផ្តាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្តការយកចិត្តទុកដាក់ ខិតខំបំពេញការងារ ស្របតាមតួនាទី និង ភារកិច្ចឱ្យបានកាន់តែល្អប្រសើរ។