+855 23 43 00 63

19

Jan, 2024

កិច្ចប្រជុំប្រចាំសប្តាហ៍លើការត្រួតពិនិត្យ លើផែនការសកម្មភាពរួមនៃការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត FMIS ឱ្យស្របតាមផែនការសកម្មភាពដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៤ នេះ និង ក្នុងន័យត្រៀមលក្ខណៈរួចជាស្រេចរបស់ក្រុមការងារ FMISក្នុងការរៀបចំ គាំទ្រ ដល់ដំណើការរលូននៃប្រព័ន្ធ  ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោងFMIS បានដឹកដោយផ្ទាល់ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រួតពិនិត្យលើផែនការសកម្មភាពរួមនៃការអនុវត្តគម្រោង FMIS ប្រចាំឆ្នាំ ២០២៤ (GDAP4) ។

ក្នុងកិច្ចប្រជុំ តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់បទបង្ហាញនូវទិដ្ឋភាពទាំងមូល សម្រាប់គោលដៅសូចនាករគន្លឹះប្រចាំឆ្នាំ ២០២៤ ជូនដល់អង្គប្រជុំ ក្នុងការត្រួតពិនិត្យ និង ពិភាក្សាមើលលើភាពលម្អិតនៃការអនុវត្តសកម្មភាពនីមួយៗ ដែលមានការពាក់ព័ន្ធចូលរួមពីគ្រប់ការិយាល័យទាំងអស់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសបញ្ជាក់ពីភាពយកចិត្តទុកដាក់ពីការលើការគាំទ្រដល់ការអនុវត្ត FMIS នៅគ្រប់ការដ្ឋាន ស្របតាមភារកិច្ចទទួលខុសត្រូវច្បាស់លាស់។

ជាចុងបញ្ចប់នៃការពិភាក្សាយ៉ាងផុសផុលក្នុងកិច្ចប្រជុំ ឯកឧត្តម បានបន្តផ្តែផ្តាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ឱ្យបន្តការយកចិត្តទុកដាក់ ខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវនិង ត្រៀមអនុវត្តកិច្ចការបន្តបន្ទាប់ទៀតឱ្យស្របតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ រៀបចំឡើងនៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ សុក្រ ៩កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និង ប្រធានការិយាល័យពាក់ព័ន្ធ។