
13
Jul, 2021
អ្វីទៅគឺជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ (Digital Business Intelligence) ជំនាន់ទី១ ?
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានសិក្សារៀបចំ និងអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកា ដែលជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ (Digital Business Intelligence) ក្នុងគោលបំណងបំលែងទិន្នន័យ (Transform Data) ទៅជាព័ត៌មានដែលអាចប្រើប្រាស់សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងធុរៈកិច្ចរបស់ស្ថាប័ន ក៏ដូចជាតាមដានការអនុវត្តថវិកា និង ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រដ្ឋាភិបាលជាប្រចាំ ។
តម្លាភាព និង គណនេយ្យភាព គឺបានមកពីទិន្នន័យពិត និង ព័ត៌មានពិត នៃការអនុវត្តប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័ន និង អង្គភាពរដ្ឋនីមួយៗ ។ ក្នុងយុគសម័យឌីជីថលនេះ និង សម័យកាលរីករាលដាលនៃជំងឺ Covid-19 ការគិតគូ និង អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និង តាមដានការងារថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គឺជាអភិក្រមថ្មី និង សំខាន់សម្រាប់ស្ថាប័ន និង រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យ, ទទួលបានព័ត៌មានទាន់ពេលសម្រាប់ការសម្រេចចិត្ត និង អាចជួយពង្រឹងដល់ការអនុវត្តថវិកាចំណូលចំណាយ និង ការគ្រប់គ្រងសាច់ប្រាក់របស់រាជរដ្ឋាភិបាល ។ ទន្ទឹមនេះ គំនិតអភិវឌ្ឍន៍នេះ ក៏ស្របទៅនឹងគោលដៅដំណាក់កាលទី ៣ និង ទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
កម្មវិធីកញ្ចក់ថវិកាជំនាន់ទី១ នេះ នឹងបង្ហាញពីផ្ទាំងរបាយការណ៍សង្ខេបគន្លឹះៗរួមមាន ផ្នែកច្បាប់ថវិកាចំណូលចំណាយ, ផ្នែកថិវកាធានាចំណាយ និង ផ្នែកអនុវត្តចំណូលចំណាយថវិកា ជាដើម ។