
26
Dec, 2017
តើហេតុអ្វីបានជា ក្រសួង-ស្ថាប័ន ចាំបាច់ត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ?
បច្ចុប្បន្ន មិនថានៅក្នុងស្ថាប័នរដ្ឋឬឯកជននោះទេ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការជំរុញឱ្យស្ថាប័ននីមួយៗមានការលូតលាស់ស្របតាមសាកលភាវូនីយកម្មនៃភាពរីកចម្រើនដ៏ឥតឈប់ឈរ ។ យើងនឹងមិនអាចប្រកែកបានឡើយថា ស្ថាប័នមួយអាចរីកចម្រើនទៅបានដោយមិនពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបន្តិចសោះនោះទេ។ ជាក់ស្តែង ស្ថាប័នហិរញ្ញវត្ថុមួយដែលមានដូចជាធនាគារជាដើម សុទ្ធសឹងតែពឹងផ្អែកមួយភាគធំលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការកត់ត្រាក៏ដូចជាត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដោយឡែក បើយើងក្រឡេកមកមើលស្ថាប័នរដ្ឋវិញ យើងសង្គេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមបង្កើតឱ្យមានកម្មវិធីកំណែទម្រង់ស៊ីជម្រៅមួយចំនួន ដែលស្របតាមយុទ្ធសាស្រ្តចតុកោណ និងភាពរីកចម្រើនដ៏ឥតឈប់ឈររបស់កម្ពុជា ដោយកម្មវិធីកំណែទម្រង់ស៊ីជម្រៅនោះ ផ្តោតសំខាន់លើវិស័យធំៗចំនួនបីរួមមាន៖ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ស្របពេលជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននិងកំពុងប្រព្រឹត្តិទៅប្រកបដោយភាពសកម្មនិងយកចិត្តទុកដាក់បំផុត ដែលរហូតមកដល់ពេលនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ជំហានទី២របស់ខ្លួន ពោលគឺ “បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ”។ ដើម្បីឱ្យការអនុវត្តជំហានទី២នេះទទួលបានជោគជ័យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តួចផ្តើមបង្កើតឱ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា FMIS នៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងផ្តល់នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ដោយឡែក តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៃការសម្រេចបាននូវជំហានទី១របស់ខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់នៅតាមនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្តទាំង ២៥ ។ បច្ចុប្បន្ន ប្រព័ន្ធ FMIS កំពុងត្រូវបានអនុវត្តជំហានទី២របស់ខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន ។ តើហេតុអ្វីបានជាក្រសួង-ស្ថាប័នចាំបាច់ត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ?
ជាការពិតណាស់ ថ្វីបើសព្វថ្ងៃក្រសួង-ស្ថាប័នមិនទាន់ប្រើប្រាស់ប្រព័ន្ធ FMIS ដោយផ្ទាល់នៅឡើយ ប៉ុន្តែពួកគេនៅតែអាចចាយថវិកាបាន តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពោលគឺ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាអ្នកចុះប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធ ជំនួសឱ្យក្រសួង-ស្ថាប័ន ។ ដោយឡែក នៅពេលដែលប្រព័ន្ធ FMIS ត្រូវបានអនុវត្តដល់ក្រសួង-ស្ថាប័ន នោះការចំណាយទាំងអស់ត្រូវឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានប្រសិទ្ធភាពមួយនេះ ។ ហេតុនេះ នៅពេលដែលក្រសួង-ស្ថាប័ន ប្រើប្រាស់ប្រព័ន្ធ FMIS ហើយនោះ ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖
-ចុះប្រតិបត្តិការហិរញ្ញវត្ថុដោយខ្លួនឯង
-គ្រប់គ្រងចលនាថវិការបស់ខ្លួនបានតាមប្រព័ន្ធ FMIS ដែលនឹងផ្ដល់ភាពងាយស្រួល និងលឿនជាងមុន (តម្លាភាព និងប្រសិទ្ធភាព)
-អាចតាមដានស្ថានភាពប្រតិបត្តិការរបស់ខ្លួនដែលស្នើមក ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (តម្លាភាព)
-មានភាពទទួលខុសត្រូវលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនផ្ទាល់ (Accountability)
-នៅថ្ងៃអនាគត នឹងមិនចាំបាច់បញ្ជូនឯកសារមក ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៀតទេ ។