+855 23 43 00 63

31

Dec, 2015

សិក្ខាសាលាស្តីពី “អ្នកគាំទ្រនាំមុខ និង បណ្តាញភ្នាក់ងារផ្លាស់ប្តូរ”

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អាគារ “ខ ” ជាន់ផ្ទាល់ដី នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក មាន​រៀបចំ​សិក្ខាសាលា​ស្តីអំពី “អ្នកគាំទ្រ​នាំមុខ និង បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្ត្រី​តំណាង​ធនាគារពិភពលោក និង មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដែល​ត្រូវបាន​ជ្រើសរើស និង ចាត់តាំង​ដោយ​ប្រធាន​រតនាគារ​រាជធានី-ខេត្ត ទាំង២៥ ។

អង្គសិក្ខាសាលា​នេះ មាន​គោលបំណង​ជាសំខាន់​ដើម្បី​បង្ហាញជូន​មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ឱ្យ​យល់​កាន់តែច្បាស់​អំពី​សារៈប្រយោជន៍, ប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, ស្វ័យប្រវត្តិកម្ម​នៃ​ការផ្លាស់ប្តូរ​ពី​ការងារ​ដោយដៃ​ទៅ​ការងារ​អនុវត្ត​ប្រព័ន្ធ FMIS, និង តួនាទី​និង​ភារ:កិច្ច​សម្រាប់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ដើម្បី​គាំទ្រ ​និង​ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ FMIS កំឡុង​ពេល​ និង​ ក្រោយពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នៅតាម​រតនាគារ​រាជធានី-ខេត្ត នាពេល​ដ៏​ខ្លី​ខាងមុខនេះ ។ លើសពីនេះទៅទៀត អង្គសិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​មន្រ្តី​ចូលរួម​ទាំងអស់​បានធ្វើការ​សាកសួរ ពិភាក្សា និង ផ្លាស់ប្តូរ​យោបល់​ទៅលើ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ដើម្បី​ស្វែងរក និង ផ្តល់​ជា​ដំណោះស្រាយ​ភ្លាមៗប្រសិនបើ​អាច ។

នៅក្នុង​សិក្ខាសាលា​នេះ ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ចំណុច​ដូច​ក្រោម៖

១. ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ នៃ​គម្រោង FMIS
២. តារាង​ផែនការមេ​នៃ​ប្រព័ន្ធ FMIS
៣. ពិនិត្យ​ទៅលើ​លក្ខខ័ណ្ឌ​ដែល​ប្រព័ន្ធ FMIS អាចជួយ​ទ្រទ្រង់​គម្រោង PFMRP ឱ្យ​សម្រេច​គោលដៅ
៤. ទស្សន: និង ការយល់ឃើញ​របស់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ចំពោះ​ប្រ​ព័នុ្ធ FMIS
៥. សារ:ប្រយោជន៍​នៃ​គម្រោង FMIS សម្រាប់​រតនាគារ រាជធានី-ខេត្ត
៦. តារាង​ពេលវេលា​សម្រាប់​អនុវត្ត​ប្រព័ន្ធ FMIS
៧. ផែនការ​បន្ទាប់​សម្រាប់​ភ្នាក់ងារ​ការផ្លាស់ប្តូរ
៨. នីតិវិធី​អនុវត្ត​ស្តង់ដារ​របស់​មុខងារ​ទាំង​ប្រាំ (សៀវភៅធំ, វិភាជន៍​ថវិកា, គណនី​ត្រូវ​សង, គណនី​ត្រូវ​ទារ និង គ្រប់គ្រង​សាច់ប្រាក់ )

បន្ទាប់ពី​បាន​ស្តាប់ការ​ធ្វើ​បទ​បង្ហាញ​ស្តីអំពី “អ្នកគាំទ្រ​នាំមុខ និង បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ” រួចមក មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​បាន​យល់​បន្ថែម​កាន់តែច្បាស់​អំពី​តួនាទី​និង​ភារ:កិច្ច​របស់ខ្លួន​ក្នុងនាម​ជា​ចលករ​គន្លឹះ​ក្នុង​ការជួយ​ឱ្យ​ការដាក់​ប្រើប្រាស់​ប្រព័ន្ធ FMIS ទទួលបាន​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ ។ បន្ថែម​ពីលើ​នេះ​ទៀត ក្រុមការងារ​ទទួលបន្ទុក​មុខងារ​ទាំង​ប្រាំ បានធ្វើ​បទ​បង្ហាញ​ដោយសង្ខេប​ស្តីពី​នីតិវិធី​អនុវត្ត​ស្តង់ដារ​មុខងារ​នីមួយៗ ព្រមជាមួយ​នឹង​ការបង្ហាញ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ដោយផ្ទាល់ ជូន​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដើម្បី​ឱ្យបាន​យល់​អំពី​លំហូរ​នៃ​នីតិវិធី​អនុវត្ត​ការងារ​ដែល​នឹង​ត្រូវអនុវត្ត និង ឃើញជាក់ស្តែង​ពី​ដំណើរការ​របស់​ប្រព័ន្ធ ។
ខាងក្រោម​នេះ​គឺជា​ចំនុច​សំខាន់ៗរបស់​មុខងារ​ទាំង​ប្រាំ​ដែល​ក្រុមការងារ​បាន​លើកមកបង្ហាញ​ជូន​ដល់​ភ្នាក់ងារ​ផ្លាស់ប្តូរ៖

១. មុខងារ​សៀវភៅធំ

  • មុខងារ​នៃ​ប្រព័ន្ធ FMIS
  • ទិដ្ឋភាព​រួម​នៃ​ប្រព័ន្ធ FMIS
  • ការអនុវត្ត​ថវិកា និង ការកត់ត្រា​ចំណូល​ចំណាយ​នៅ​ថ្នាក់ក្រោម​ជាតិ
  • មុខងារ​សៀវភៅធំ
  • តួអង្គ​ទាំង៥ក្នុង​ផ្នែក​សៀវភៅ
  • នីតិវិធី​អនុវត្ត​ការងារ​ផ្នែក​សៀវភៅធំ

២. មុខងារ​វិភាជន៍​ថវិកា

  • ទិដ្ឋភាពទូទៅ​ផ្នែក​វិភាជន៍​ថវិកា
  • លំហូរ​នីតិវិធី​អនុវត្ត​ការងារ ៖ ការបញ្ចូល​ថវិកា​ដើមឆ្នាំ, ការស្នើសុំ​ឥណទាន​ជា​ត្រីមាស (រាជធានី-ខេត្ត), ការបន្ថែម​ឥណទាន (រាជធានី-ខេត្ត),
    ការ​បង្វែរ​ឥណទាន (រាជធានី-ខេត្ត), ការស្នើសុំ​ឥណទាន​ជា​ត្រីមាស (ក្រុង-ស្រុក), ការបន្ថែម​ឥណទាន (ក្រុង-ស្រុក), បង្វែរ​ឥណទាន (ក្រុង-ស្រុក), ការ​បង្វែរ​មូលនិធិ​ជា​ត្រីមាស (ឃុំ-សង្កាត់), ការវិភាជន៍​មូលនិធិ (ឃុំ-សង្កាត់) ។
  • អត្ថប្រយោជន៍​ដែល​បានមកពី​មុខងារ​វិភាជន៍​ថវិកា

៣. មុខងារ​គណនី​ត្រូវ​សង

  • ទិដ្ឋភាព​រួម​ផ្នែក​គណនី​ត្រូវ​សង
  • លំហូរ​នីតិវិធី​អនុវត្ត​ការងារ​ផ្នែក​គណនី​ត្រូវ​សង (ថ្នាក់ក្រោម​ជាតិ )
  • នីតិវិធី​អនុវត្ត​ការងារ​ផ្នែក​គណនី​ត្រូវ​សង
  • បញ្ជី​របាយការណ៍​ហិរញ្ញវត្ថុ
  • អត្ថប្រយោជន៍​ផ្នែក​គណនី​ត្រូវ​សង

៤. មុខងារ​គណនី​ត្រូវ​ទារ

  • ទិដ្ខ​ភាពទូទៅ​របស់​គណនី​ត្រូវ​ទារ
  • លំហូរ​នីតិវិធី​អនុវត្ត​ការងារ
    – ការបង្កើត​ប្រាក់បញ្ញើ
    – ការបង្កើត​ធាតុ​រងចាំ
    – ការ​បង្វិល​សង​ប្រាក់បញ្ញើ
    – ការ​លុប​ធាតុ
    – ការបង្កើត​ទិន្នានុប្ប​វត្ត​ផ្ទាល់
    – ការផ្ទេរ​ប្រាក់បញ្ញើ
  • អត្ថប្រយោជន៍​ទទួលបាន​ពី​ការប្រើប្រាស់​មុខងារ​គណនី​ត្រូវ​ទារ​ក្នុង​ប្រព័ន្ធ FMIS

៥. មុខងារ​គ្រប់គ្រង​សាច់ប្រាក់

  • ទិដ្ខ​ភាពទូទៅ​របស់​មុខងារ​គ្រប់គ្រង​សាច់ប្រាក់
  • លំហូរ​នីតិវិធី​អនុវត្ត​ការងារ
    – ការផ្ទេរ​សាច់ប្រាក់​ពី​គណនី​ធនាគារ​មួយ​របស់​រតនាគារ ទៅ​គណនី​ធនាគារ​មួយទៀត​របស់​រតនាគារ
    – ការបង្កើត​សលាក​ប័ត្រ​ចុះ​លេខនា
    – ការបង្កើត​សំណើ​ត្រឡប់​សលាក​ប័ត្រ​ចុះ​លេខនា
    – ការផ្ទៀងផ្ទាត់​របាយការណ៍​ធនាគារ
    – ការផ្ទៀងផ្ទាត់​សមតុល្យ​បញ្ជី​គណនី​ជាមួយ​របាយការណ៍​ធនាគារ
  • អត្ថប្រយោជន៍​របស់​មុខងារ​គ្រប់គ្រង​សាច់ប្រាក់

ជា​កិច្ចបញ្ចប់​នៃ​អង្គសិក្ខាសាលា មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​ជាង​មុន​អំពី​មុខងារ​និង​តួនាទី​របស់ខ្លួន ព្រមជាមួយ​នីតិវិធី​អនុវត្ត​ការងារ​របស់​មុខងារ​ទាំង​ប្រាំ​នៅតាម​រតនាគារ​រាជធានី-ខេត្ត​ទៅតាម​ការរំពឹងទុក ។ មន្រ្តី​ទាំងអស់​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រព័ន្ធ FMIS និង​ចង់​ប្រើប្រាស់​ប្រព័ន្ធ​ឱ្យបាន​កាន់តែ​ឆាប់ ព្រមទាំង​បាន​លើក​ជា​សំណួរ​ល្អៗពាក់ព័ន្ធ​នឹង​កិច្ចការ​ប្រចាំថ្ងៃ​ដែល​កំពុង​ជួប​ឧបសគ្គ និង ស្នើសុំ​ឱ្យមាន​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗទៀត​ដើម្បី​ពង្រឹងសមត្ថភាព​ទាំង​មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ និង មន្រ្តី​ដែលជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្ទាល់ ធ្វើយ៉ាងណា​ដើម្បីឱ្យ​ការដាក់​ប្រើប្រាស់​ប្រព័ន្ធ FMIS ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។ ជាងនេះទៅទៀត វេទិកា​នេះ​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការបេ្តជ្ញា ទាំង​ក្រុមការងារ និង ភ្នាក់ងារ​ផ្លាស់ប្តូរ​នៃ​រតនាគារ​រាជធានី-ខេត្ត​នីមួយៗ ដើម្បី​ឈានឆ្ពោះ​ទៅមុខ និង​សម្រេច​ឱ្យបាន​ការងារ​ទាំងឡាយ និង រួមគ្នា​ជំនះ​នូវ​ឧបសគ្គ​នៅពេលដែល​ប្រើប្រាស់​ប្រព័ន្ធ FMIS នៅ​ជំហាន​ដំបូង​នេះ ។

អង្គសិក្ខាសាលា​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង ៥:០០ នាទី ល្ងាច ប្រកបដោយ​ភាពជិតស្និទ្ធ និង សាមគ្គីភាព ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង FMIS ។

 

Link: សូម​ចូល​ទាញយក​ឯកសារ​នៃ​អង្គសិក្ខាសាលា