21
Jan, 2015
សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្តប្រព័ន្ធ FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយធនាគារពិភពលោកបានរៀបចំសិក្ខាសាលាស្តីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS – Financial Management Information System)” នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា និងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤ នៅវេលាម៉ោង ២:៣០ ដល់ម៉ោង ៥:០០ នាទីរសៀល នៅសាលប្រជុំបន្ទប់លេខ ១ ជាន់ផ្ទាល់ដី អគារ “ខ ” នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះមានការចូលរួមពី អគ្គនាយកដ្ឋានពាក់ព័ន្ធ នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្តាក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធនឹងថវិកាកម្មវិធីចំនួន ១០ ធនាគារជាតិនៃកម្ពុជា ទីប្រឹក្សានៃនាយកដ្ឋានព័ត៌មានវិទ្យា និងអ្នកតំណាងមកពីធនាគារពិភពលោក។សិក្ខាសាលាបានធ្វើបទបង្ហាញដោយលោក AliHashim ជំនាញការរបស់ធនាគារពិភពលោក (WorldBank)។ សិក្ខាសាលានេះចែកចេញជា៣វគ្គដែលមានគោលបំណង៖
- ចែករំលែកនូវចំណេះដឹងអំពីការអនុវត្តគម្រោង FMIS ជូនដល់មន្ត្រីពាក់ព័ន្ធដោយផ្តោតលើដំណើរការនៃមុខងាររបស់រតនាគារ និងថវិកានៅ ពេលអនុវត្តប្រព័ន្ធ FMIS។
- ចែករំលែកនូវចំណេះដឹងអំពីការធ្វើសន្ធានកម្ម (Interface) រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធផ្សេងៗ ជូនដល់មន្ត្រីនៃស្ថាប័នដែលពាក់ព័ន្ធនឹង ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ FMIS។
- ចែករំលែកនូវចំណេះដឹងអំពីការអនុវត្តគម្រោង FMIS ជូនដល់មន្ត្រីនៃក្រសួងស្ថាប័នរដ្ឋាភិបាលដែលនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធី (Program Budgeting) និងស្ថិតក្នុងវិស័យអាទិភាពក្នុងការចំណាយថវិកាជាតិ ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមអនុវត្តប្រព័ន្ធ FMIS នាពេលអនាគត។
សិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្តប្រព័ន្ធ FMIS មានដូចខាងក្រោម៖
- តម្រូវការយល់ដឹងពីប្រព័ន្ធ FMIS ដែលអនុវត្តបានជោគជ័យ ដូចជា តម្រូវការរបស់អ្នកពាក់ព័ន្ធ លក្ខណៈសំខាន់ៗនៃនីតិវិធីអនុវត្តការងារ និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋាភិបាល រៀបចំការទំនាក់ទំនងដើម្បីបំពេញតម្រូវការអ្នកពាក់ព័ន្ធផ្សេងៗគ្នា រៀបចំគោលនយោបាយ មុននឹងដាក់ប្រព័ន្ធឱ្យអនុវត្ត កំណត់វិសាលភាព និងមុខងាររបស់ប្រព័ន្ធ។
- ចំណុចសំខាន់ៗដែលពាក់ព័ន្ធក្នុងការបង្កើតប្រព័ន្ធ FMIS តាមស្តង់ដារអន្តរជាតិ ដូចជា ការត្រួតពិនិត្យទៅលើច្បាប់ និងទម្រង់នៃស្ថាប័ន ការ ត្រួតពិនិត្យនិងរចនានីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធ និងការបន្តអនុវត្ត និងថែរក្សាប្រព័ន្ធ។
- គោលនយោបាយ និងការកែទម្រង់ស្ថាប័នដែលចាំបាច់ត្រូវគិតគូជាមុន ដូចជា ច្បាប់គ្រប់គ្រងថវិកា តម្រូវការរបាយការណ៍ហិរញ្ញវត្ថុ និងការ ធានាចំណាយ រចនាសម្ព័ន្ធចំណាត់ថ្នាក់ថវិកា និងការរៀបចំស្ថាប័នសម្រាប់មូលនិធិរដ្ឋាភិបាលនៅ ធនាគារ ព្រមទាំងនីតិវិធី និងប្រតិបត្តិការ ចំណាយ។
- ប្រព័ន្ធ FMIS ដែលមានលក្ខណៈអន្តរជាតិមាននូវមុខងារស្នូល និងមិនមែនស្នូល។ ប្រព័ន្ធ FMIS ផ្តល់នូវការគាំទ្រចំពោះនីតិវិធីនៃមុខងារ ស្នូលដែលពាក់ព័ន្ធជាមួយការអនុវត្តថវិកាដូចជា ការគ្រប់គ្រងថវិកា ការគ្រប់គ្រងការធានាចំណាយ ការគ្រប់គ្រងចំណូល-ចំណាយ ការកត់ត្រាគណនេយ្យ (រាល់ប្រតិបត្តិការហិរញ្ញវត្ថុដែលកើតឡើងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ) ការគ្រប់គ្រងសាច់ប្រាក់ និងរបាយការណ៍ ហិរញ្ញវត្ថុ។
- សារៈសំខាន់នៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងនិងសុវត្ថិភាពព័ត៌មានគឺប្រកាន់ខ្ជាប់បទបញ្ជានៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ប្រតិបត្តិការ ហិរញ្ញវត្ថុ នៅពេលដែលផ្លាស់ប្តូរពីការកត់ត្រាដោយដៃទៅជាការកត់ត្រាចូលក្នុងប្រព័ន្ធកុំព្យូទ័រ។ បន្ថែមពីនេះទៀតសម្រាប់ការកត់ត្រាចូលក្នុងប្រព័ន្ធ កុំព្យូទ័រផ្តល់នូវយន្តការត្រួតពិនិត្យតាមរយៈការដាក់ពាក្យឬលេខសម្ងាត់ដែលកំណត់ដោយអ្នកបញ្ចូលប្រតិបត្តិការ និងចំណាត់ថ្នាក់ទិន្នន័យ ដែលត្រូវប្រើនៅក្នុងប្រព័ន្ធ។
- តម្រូវការជាមុននៃការអនុវត្តប្រព័ន្ធជាចំបងគឺតម្រូវឱ្យអ្នកពាក់ព័ន្ធបច្ចេកទេសដែលត្រូវប្រើប្រាស់ប្រព័ន្ធ យល់ដឹង៖
- ប្រព័ន្ធ FMIS ដែលមានលក្ខណៈអន្តរជាតិគឺជាប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុដ៏សំខាន់ដែលប្រើប្រាស់ដោយ គណនេយ្យរដ្ឋាភិបាល និងអង្គភាពអនុវត្តថវិកានៅក្នុងរដ្ឋាភិបាលសម្រាប់ការអនុវត្តមុខងារនីមួយៗ។
- ការបង្អាក់ប្រតិបត្តិការសម្រាប់ប្រព័ន្ធអាចធ្វើឱ្យបង្អាក់ប្រតិបត្តិការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។
- ការបង្កើត និងកំណត់បុគ្គលដែលគាំទ្រការរៀបចំផ្នែកបច្ចេកទេសគឺមានសារៈសំខាន់សម្រាប់ការអនុវត្តប្រព័ន្ធប្រកបដោយចីរភាព។
- ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ចុងក្រោយសម្រាប់ប្រព័ន្ធ (End Users)
- ភាគច្រើនអ្នកប្រើប្រាស់ត្រូវដឹងពីទ្រង់ទ្រាយជាក់ស្តែងនៃប្រព័ន្ធ និងការបណ្តុះបណ្តាលជំនាញថ្មីដែលពាក់ព័ន្ធទៅនឹងការអនុវត្ត ប្រព័ន្ធ FMIS។
- ការបណ្តុះបណ្តាលគួរត្រូវបានរៀបចំជាមួយនឹងផែនការនៃការអនុវត្តប្រព័ន្ធយ៉ាងល្អប្រសើរដោយផ្តោតទៅលើតម្រូវការនៃកន្លែង ដែលដាក់ឱ្យអនុវត្តប្រព័ន្ធ និងត្រូវបានផ្តល់នូវការបណ្តុះបណ្តាលមុនពេលដាក់ឱ្យអនុវត្តនៅតាមកន្លែង។
- ត្រូវបង្កើតក្រុមការងារជំនួយសម្រាប់ប្រព័ន្ធ។
- ការគ្រប់គ្រងការផ្លាស់ប្តូរ
- អ្នកប្រើប្រាស់នៅក្នុងការអនុវត្តប្រព័ន្ធជាភ្នាក់ងារត្រូវបានផ្លាស់ប្តូរដោយចៀសមិនផុត។ ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ក្នុងការគាំទ្រការផ្លាស់ប្តូរ ដោយផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធកុំឱ្យបារម្ភពីផលប៉ះពាល់ ដូចជាការបាត់បង់ ការងារជាដើម។
- អ្នកប្រើប្រាស់នឹងត្រូវបានបណ្តុះបណ្តាលនៅក្នុងការអនុវត្តប្រព័ន្ធ និងប្រើប្រាស់ប្រព័ន្ធកាន់តែទំនើប។
- អ្នកប្រើប្រាស់ធ្លាប់ធ្វើការងារដែលខ្លួនអនុវត្តជាប្រចាំគឺមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរនេះអាចជាលទ្ធផលឈានទៅរកការបណ្តុះបណ្តាលឱ្យកាន់តែខ្លាំងនិងពង្រឹងសមត្ថភាពបន្ថែមអំពីជំនាញប្រើប្រាស់ប្រព័ន្ធនៅក្នុងដំណាក់កាលអន្តរកាល (Transition Phase)។
- ការធ្វើសន្ធានកម្ម (Interface) រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធផ្សេងៗដូចជាៈសន្ធានកម្មជាមួយប្រព័ន្ធប្រាក់បៀវត្ស (Payroll System) ប្រព័ន្ធគ្រប់គ្រងបំណុល (DMFAS) ប្រព័ន្ធពន្ធដារ ប្រព័ន្ធគយ ប្រព័ន្ធធនាគារ និងប្រព៍ន្ធសវនកម្ម។
សិក្ខាសាលានេះបានបញ្ចប់ដោយភាពរលូន ដោយសិក្ខាកាមបានយល់ច្បាស់បន្ថែមពីអ្វីដែលធ្លាប់បានដឹង ដូចជាវិសាលភាពនៃប្រព័ន្ធ FMIS ដាក់ ឱ្យអនុវត្ត និងប្រើប្រាស់ទាំងដំណាក់កាលទី ១ និងដំណាល់កាលទី ២ សម្រាប់ពេលអនាគត ការរៀបចំគោលនយោបាយនិងរចនាសម្ព័ន្ធតាមបណ្តា អង្គភាព នីតិវិធីអនុវត្តការងារនៅពេលបច្ចុប្បន្នដែលជាធាតុចូលសម្រាប់អនុវត្តប្រព័ន្ធ នីតិវិធីត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងប្រព័ន្ធ យុទ្ធសាស្ត្រការ គ្រប់គ្រងការផ្លាស់ប្តូរដែលជាយុទ្ធសាស្ត្រគាំទ្រដល់ការអនុវត្តប្រព័ន្ធ FMIS មុខងារនីមួយៗនៃប្រព័ន្ធរួមមានសៀវភៅធំ គណនីត្រូវសង គណនី ត្រូវទារ វិភាជន៍ថវិកា ការទិញ និងការគ្រប់គ្រងថវិកា ដែលនេះគឺជាគោលបំណងសំខាន់របស់លោក Ali Hashim ចែករំលែកដល់សិក្ខាកាមសម្រាប់ ការអនុវត្តប្រព័ន្ធ FMIS នៅប្រទេសកម្ពុជា។ លើសពីនេះ សិក្ខាកាមដែលមកពីបណ្តាក្រសួងស្ថាប័ន បានមានចំណាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះការងារអនុវត្តគម្រោង FMIS របស់កម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអនុវត្ត និងគ្រប់គ្រងថវិការបស់រាជរដ្ឋាភិបាល ជាពិសេស ជួយសម្រួលដល់ដំណើរការស្នើសុំថវិកាចំណាយពីក្រសួង-ស្ថាប័ននៅពេលដែលប្រព័ន្ធ FMIS ដាក់ឱ្យអនុវត្តដំណាក់កាលទី ២ បន្ទាប់ពីដំណាក់កាលទី ១ ទទួលបានជោគជ័យហើយសិក្ខាកាមចង់យល់ដឹងបន្ថែមឱ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តប្រព័ន្ធ FMIS នាពេលអនាគត។ នេះជាកាលានុវត្តភាពមួយក្នុងផ្នែកកសាងសមត្ថភាព និងការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្ដូរដែលក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងទទួលបានតាមរយៈអង្គសិក្ខាសាលានេះ និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវការអនុវត្តគម្រោង FMIS ជូនដល់ មន្ត្រីរាជការនៃអគ្គ-នាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័នថវិកាកម្មវិធី និងមិនមែនថវិកាកម្មវិធី ឱ្យបានយល់កាន់តែច្បាស់អំពីគុណប្រយោជន៍នៃការអនុវត្តប្រព័ន្ធ FMIS ស្ថិតក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
សូមទាញយកឯកសារស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍លើការអនុវត្ត FMIS