+855 23 43 00 63

6

Feb, 2018

រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច៖ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នឹងបង្ហាញអំពីតម្លាភាពនៃចំណាយរបស់រដ្ឋ

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានមានប្រសាសន៍ថា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា IPSAS Reporting នឹងបង្ហាញអំពីតម្លាភាពនៃចំណាយរបស់រដ្ឋ ។ ឯកឧត្តមលើកឡើងបែបនេះ នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការិយាល័យជំនួយបច្ចេកទេសនៃមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅប្រទេសថៃ ហៅកាត់ថា TAOLAM ស្តីអំពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ពីមូលដ្ឋានសាច់ប្រាក់ទៅមូលដ្ឋានគណនេយ្យបង្គរ (IPSAS Reporting from Cash Basic to Accrual Basic)” ក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមដល់មន្ត្រីរាជការ ពិសេសមន្ត្រីទទួលការងារពាក់ព័ន្ធនឹងគណនេយ្យសាធារណៈ របស់អគ្គនាយកដ្ឋានរតនាគារជាតិ ក្រុមប្រឹក្សាជាតិគណនេយ្យ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន និងកំពុងដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅជំហានទី ១ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយនៅឆ្នាំ២០១៨នេះ បានបន្តដាក់ជាផ្លូវការនៅតាមក្រសួង-ស្ថាប័នចំនួន ១០ ហើយគ្រោងនឹងដាក់នៅតាមក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត ព្រមទាំងនៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង ២៥ រាជធានី-ខេត្ត ។ ឯកឧត្តមបន្តថា “នេះជារឿងមួយដែលយើងបានរៀបចំប្រព័ន្ធគ្រប់គ្រង ហើយនឹងបង្កើតឱ្យមានរបាយការណ៍ដែលទាញចេញពីប្រព័ន្ធ FMIS នេះ ។ ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់មួយទៀតគឺការដាក់ឱ្យអនុវត្តនូវចំណាត់ថ្នាក់ថវិកាទាំង៧ ។ វាជារឿងសំខាន់ ដែលធ្វើឱ្យយើងដឹងកាន់តែច្បាស់អំពី ការកត់ត្រា ចំណូល-ចំណាយរបស់រដ្ឋ ។ នេះគឺជារឿងមួយដែលយើងបានដាក់ឱ្យអនុវត្តរួចហើយ ហើយក៏កំពុងបន្តដាក់ឱ្យអនុវត្ត ។ ហើយថ្ងៃនេះមានរឿងមួយថ្មីទៀតគឺ“ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ” ជារឿងមួយដែលស៊ីជម្រៅបន្ថែមទៀត គឺជាការកត់ត្រា ការរៀបចំនូវរបាយការណ៍ ដូចដែលខ្ញុំបានជម្រាបជូនថា ក្នុងប្រព័ន្ធ FMIS ក៏ចេញនូវរបាយការណ៍មួយ ហើយមានទាំងចំណាត់ថ្នាក់ថវិកា គឺបែងចែកមុខចំណាយថវិកា ទៅតាមចំណាត់ថ្នាក់ ដែលមាន៧ចំណាត់ថ្នាក់ហ្នឹង ។

បើតាមឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏ដូចជាតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ (IPSAS Reporting) គឺមានសារៈសំខាន់ខ្លាំងណាស់ ។ មានសារៈសំខាន់នោះ គឺដោយសារតែ IPSAS នឹងធ្វើឱ្យការកត់ត្រាកាន់តែស៊ីជម្រៅ មានតម្លាភាព និងមានការជឿជាក់ទាំងសងខាង ជាពិសេសនោះសាធារណៈជននឹងបានដឹងអំពីចំណូល និងចំណាយរបស់រដ្ឋ ហើយ IPSAS នេះទៀតសោត កំពុងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ។

គួរជម្រាបជូនផងដែរថា នាពេលថ្មីៗ នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គនាយកដ្ឋានរតនាគារជាតិបានឱ្យដឹងថា របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលផលិតចេញពីប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញផ្នែកស្តង់ដារគណនេយ្យរបស់ធនាគារពិភពលោក ថាមានភាពត្រឹមត្រូវតាមរបាយការណ៍ស្តង់ដារគណនេយ្យផ្អែកលើមូលដ្ឋានសាច់ប្រាក់ (IPSAS Cash Basis)។ ហើយរបាយការណ៍ហិរញ្ញវត្ថុ IPSAS Cash Basis ដែលផលិតចេញពីប្រព័ន្ធ FMIS អាចបង្ហាញពីចលនាសាច់ប្រាក់ ចំណូល និងចំណាយរបស់រាជរដ្ឋាភិបាលដែលបានអនុវត្ត ៕