19
Sep, 2014
សិក្ខាសាលាស្តីពីការដឹកនាំ និងគ្រប់គ្រងការផ្លាស់ប្តូរ
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបើកសិក្ខាសាលាស្តីពីការដឹកនាំ និងការគ្រប់គ្រងការផ្លាស់ប្តូរ ដោយមានការចូលរួមពីក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរទាំងអស់មកពីអគ្គនាយកដ្ឋាន នាយកដ្ឋានដែលពាក់ព័ន្ធ និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៃក្រុមហ៊ុន FPT FIS-LG CNS Joint Venture នៅពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៤ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤។ សិក្ខាសាលាទាំងនេះត្រូវបានរៀបចំ និងធ្វើបទបង្ហាញដោយ លោក Findlay Herbert ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរនៃនាយកដ្ឋានព័ត៌មានវិទ្យា។
ការរៀបចំសិក្ខាសាលានេះមានគោលដៅដើម្បីសិក្សាស្វែងយល់ និងវិភាគពីកត្តាជំរុញ (Enablers) និងឧបសគ្គ(Barriers)សម្រាប់ការអនុវត្តគម្រោង FMIS។ ការយល់ដឹង និងជ្រួតជ្រាបទៅលើកត្តាទាំងពីរគឺមានសារៈសំខាន់ចំពោះក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងការបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងចំគោលដៅក្នុងការសម្រេចឱ្យបានភាពជោគជ័យនៃការផ្លាស់ប្តូរ។ ការបែងចែកកត្តាទាំងពីរគឺជាការងារចម្បង ដើម្បីបង្ហាញឱ្យឃើញច្បាស់អ្វីទៅដែលនឹងជាកត្តាជម្រុញ និងឧបសគ្គ ក្នុងការឈានទៅរកការវិភាគ។ ការវិភាគលើកត្តាជំរុញ និងឧបសគ្គនឹងផ្តល់នូវដំណោះស្រាយ និងការរៀបចំផែនការសកម្មភាពក្នុងការកាត់បន្ថយឧបសគ្គ និងជួយពន្លឿនដល់កត្តាជំរុញ។
បន្ទាប់ពីបទបង្ហាញបានបញ្ចប់ លោក Findlay Herbert បានបែងចែកសិក្ខាកាមជា២ក្រុម ដើម្បីពិភាក្សា និងបំពេញនូវកត្តាជំរុញ និងឧបសគ្គសម្រាប់ភាពជោគជ័យនៃការអនុវត្តគម្រោង FMIS។ កត្តាទាំងពីរបានលើកយកសម្រាប់ដាក់ពិន្ទុ ស្វែងរកកត្តាសំខាន់និងចាំបាច់ដើម្បីវិភាគដែលមានដូចជា៖
➢ កត្តាជំរុញ៖ការសហប្រតិបត្តិការ ការមានឆន្ទៈខ្ពស់ពីអ្នកពាក់ព័ន្ធនិងថ្នាក់ដឹកនាំ ការកំណត់ចក្ខុវិស័យឱ្យបានច្បាស់ក្នុងការផ្លាស់ប្តូរ ការកំណត់មុខងារប្រព័ន្ធឱ្យបានច្បាស់ ការគាំទ្រពីអ្នកគាំទ្រ និងមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
➢ កត្តាឧបសគ្គ៖ការទទួលបានប្រាក់ខែទាប និងគ្មានការលើកទឹកចិត្តសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ មិនមាន Internet សម្រាប់ប្រើប្រាស់ ចំណេះដឹងភាសាអង់គ្លេសនៅមានកម្រិត មន្រ្តីមិនចង់រៀនពីបច្ចេកវិទ្យាថ្មី កង្វះខាតមន្រ្តីមានជំនាញកុំព្យូទ័រនៅតាមខេត្ត គ្មានឆន្ទៈក្នុងការផ្លាស់ប្តូរ មិនយល់ពីការផ្លាស់ប្តូរ ភ័យខ្លាចបាត់បង់ការងារ និងតួនាទីបច្ចុប្បន្ន និង មិនចង់ផ្លាស់ប្តូរដើម្បីទៅប្រើប្រាស់បច្ចេកទេសថ្មី។
បន្ទាប់ពីបញ្ចប់ការពិភាក្សា និងដាក់ពិន្ទុសម្រាប់កត្តាជំរុញ និងឧបសគ្គ លោក Findlay Herbert បានលើកយកចំណុចរួមនៃឧបសគ្គដែលបានដាក់ពិន្ទុខ្ពស់ ដើម្បីលើកយកមកដោះស្រាយថាតើគួរធ្វើយ៉ាងណាក្នុងការកាត់បន្ថយឬជំនះនូវឧបសគ្គទាំងនោះ។
សិក្ខាសាលាលើកទី២ លោក Findlay Herbert បានបន្តឱ្យក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរពិភាក្សាគ្នាដើម្បីរកមធ្យោបាយដោះស្រាយនូវឧបសគ្គនីមួយៗដូចជា ការលើកទឹកចិត្តជាប្រាក់រង្វាន់ និងប្រាក់ខែកើនឡើង ការពង្រឹងបន្ថែមនូវជំនាញដែលទាក់ទងនឹងបច្ចេកវិជ្ជាកុំព្យូទ័រនិងជំនាញផ្សេងៗដែលទាក់ទងនឹងប្រព័ន្ធ FMIS និងការបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS។
សិក្ខាសាលានេះបានបញ្ចប់ដោយភាពរលូន ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរមានការយល់ដឹងច្បាស់លាស់ពីគោលបំណងនៃសិក្ខាសាលាលើកទី១ និងទី២ និងទទួលបាននូវគំនិតថ្មីៗក្នុងការជំរុញ និងដោះស្រាយឧបសគ្គនៃការអនុវត្តគម្រោង FMIS។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនឹងមានសិក្ខាសាលាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។