+855 23 43 00 63

31

Oct, 2023

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី
“វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ” ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ-អភិបាលខេត្តព្រះសីហនុ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងវិស័យឯកជន ព្រមទាំងសារព័ត៌មាន ចំនួនជាង ១៥០ នាក់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោមតួអង្គសំខាន់ៗ និង អ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និង ឯកជន ដើម្បីជំរុញការអនុវត្ត, និង ជំរុញសកម្មភាព និង សម្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និង វែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សាលើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ។ តាមរយៈនេះ, រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ២ : ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និង ទី២. ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមមគ្គទ្ទេសក៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ-បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ, តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ។

បន្ថែមពីលើនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និង ម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង ១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និង ធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និង អនាគត ។ វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់” ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទះខ្ពស់ និង មានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និង ភ្ញៀវទេសចរ, ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា, និង ការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់-រវើកឡើងវិញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចឡើងវិញថា សិក្ខាសាលាផ្សព្វផ្សាយនេះ ជាការអនុវត្តផែនការសកម្មភាពនៃវិធានការរាជរដ្ឋាភិបាល និង ជាជំហាន ដ៏សំខាន់មួយថែមទៀត ក្នុងកិច្ចដំណើរការដោះស្រាយគម្រោងវិនិយោគជាប់គាំង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់អ្នកចូលរួមទាំងអស់ ចូលរួមដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់, ផ្សព្វផ្សាយបន្ត និង ចូលរួមអនុវត្តវិធានការនេះ ឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា ៕