+855 23 43 00 63

4

Apr, 2024

សិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីសិក្សាស្វែងយល់ និង ត្រៀមលក្ខណៈឱ្យបានរួចរាល់ ព្រមទាំងជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ៣ ឆ្នាំ រំកិល និង ផែនការថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន ចូលរួមសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១-២ ខែ មេសា ឆ្នាំ ២០២៤ នៅខេត្តព្រះសីហនុ ។

 

ពិធីបើកអង្គសិក្ខាសាលា​ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៥០ រូប ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ណែនាំ និង លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យត្រង់ត្រាប់ស្តាប់បទបង្ហាញ ការណែនាំរបស់មន្រ្តីជំនាញរៀបចំផែនការរបស់អគ្គលេខាធិការដ្ឋាន ពីការគ្រោងរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៥ ព្រមទាំងបំផុសគំនិតឱ្យក្រុមការងារទាំងអស់ផ្តោតលើបេសកកម្មសំខាន់ៗរបស់អង្គភាពដោយផ្សារភ្ជាប់ជាមួយគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និង ចូលរួមផ្តល់យោបល់ កែលម្អ ក្នុងការរៀបចំ ការវិភាជន៍ថវិកា ដើម្បីឱ្យការអនុវត្តថវិកាកាន់តែមានប្រសិទ្ធភាព មានគុណភាពដើម្បីឆ្លើយតបទៅបានលើគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គោលនយោបាយរាជរដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តព័ត៌មានសមិទ្ធកម្មដំបូងគេ ដើម្បីជាគំរូសម្រាប់ក្រសួង-ស្ថាប័នដទៃ ។

ក្រុមការងារអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមសាកសួរសំណួរ​ និង ស្វែងយល់បន្ថែមពីនីតិវិធី និង ទម្រង់ថ្មីក្នុងការរៀបចំផែនការថវិកាឆ្នាំ ២០២៥ ដើម្បីឱ្យការរៀបចំបានត្រឹមត្រូវ និង មានប្រសិទ្ធខ្ពស់ ដែលអគ្គនាយកដ្ឋានចូលរួមការអនុវត្តគោលនយោបាយទី ២ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺ ផ្តោតលើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងកម្មវិធីទី ៤ លើការពង្រឹង និង បង្កើនស័ក្តិសិទ្ធភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណាយសាធារណៈការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ៕