
6
Jan, 2022
សិក្ខាសាលាស្តីពីបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធី
ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមជាវាទគ្មិនក្នុងសិក្ខាសាលាស្តីពីបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធី ដើម្បីឆ្លើយសំណួរដែលចោទសួរពីអ្នកចូលរួមពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ដែលមានអ្នកចូលរួមមកពីតំណាងអង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន មន្ទីររាជធានី-ខេត្ត អង្គភាពថវិកាថ្នាក់កណ្តាល និង រដ្ឋបាលរាជធានី-ខេត្ត ដែលរៀបចំដោយតាមប្រព័ន្ធអនឡាញ និង នៅសណ្ឋាគារសុខា ។
ឯកឧត្តម បានឆ្លើយតបទៅអ្នកចូលរួមដែលសួរពីការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ដែលបច្ចុប្បន្ននីតិវិធីដែលបានកាត់បន្ថយគឺមាននីតិវិធីទូទាត់បៀវត្ស និង នីតិវិធីទូទាត់ត្រង់ដែលមានហានិភ័យទាប ដែលនីតិវិធីក្នុងប្រព័ន្ធចាប់ពីអង្គភាពថវិកាស្នើសុំរហូតដល់អគ្គនាយកដ្ឋានរតនាគារជាតិ ។ លើសពីនេះផងដែរ តំណាងក្រសួងសុខាភិបាលក៏បានលើកឡើងក្នុងបទបង្ហាញចែករំលែកបទពិសោធន៍ថា ប្រព័ន្ធ FMIS ជួយសម្រួល និង គាំទ្រដល់ការអនុវត្តកម្មវិធីនៅក្រសួងរបស់ខ្លួនបានរលូន ដោយអាចទាញយករបាយការណ៍ចំណូល-ចំណាយរហូតដល់ចង្កោមសកម្មភាព ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីពីបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធីដែលរៀបចំឡើងក្នុងថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ នេះ ក្នុងគោលបំណងពង្រឹងការអនុវត្តថវិកាកម្មវិធីនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនិងលើកកម្ពស់ការយល់ដឹងពីការអនុវត្តថវិកាកម្មវិធីឱ្យកាន់តែស៊ីជម្រៅ និងចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព៕