+855 23 43 00 63

31

Jan, 2022

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជួបពិភាក្សាជាមួយតំណាងធនាគារពិភពលោកលើការអភិវឌ្ឍផ្ទាំងត្រួតពិនិត្យទិន្នន័យព័ត៌មានពីនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃ ១៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំជាមួយធនាគារពិភពលោក ដែលដឹកនាំដោយលោក សូ សុខប៊ុនធឿន មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសាធារណៈនៃធានាគារពិភពលោក ព្រមទាំងមានការចូលរួមពីក្រុមការងារពាក់ព័ន្ធដែលមកពីប្រទេសឥណ្ឌូណេស៊ី និងមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងធ្វើការពិភាក្សាលើការអភិវឌ្ឍផ្ទាំងត្រួតពិនិត្យទិន្នន័យព័ត៌មានពីនីតិវិធីអនុវត្តការងារដែលបានកែសម្រួលតាមប្រព័ន្ធ FMIS ទាំងស្រុង ។


ឯកឧត្តម មន្ត ប្រាថ្នា បានលើកឡើង និង ឯកភាពជាមួយតំណាងធនាគារពិភពលោកពីសារៈសំខាន់ និង អត្ថប្រយោជន៍របស់ផ្ទាំងត្រួតពិនិត្យទិន្នន័យព័ត៌មានពីនីតិវិធីអនុវត្តការងារដែលបានកែសម្រួលតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលជាមធ្យោបាយសំខាន់មួយក្នុងការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការកាត់បន្ថយរយៈពេល ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពដែលអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ។ ឯកឧត្តម ក៏បានបន្ថែមផងដែរថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS គាំទ្រ និង ប្តេជ្ញាក្នុងការរៀបចំអភិវឌ្ឍផ្ទាំងត្រួតពិនិត្យ មិនមែនផ្តោតសំខាន់លើត្រឹមនីតិវិធីដែលបានកែសម្រួលនោះទេ តែលើនីតិវិធីអនុវត្តការងារផ្សេងទៀតដែលនឹងត្រូវកែសម្រួលនាពេលអនាគត ។


ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ក្រុមការងារធនាគារពិភព បានពិភាក្សាគ្នាយ៉ាងលម្អិតពីតម្រូវការទិន្នន័យ និង ផែនការសកម្មភាពសំខាន់ៗក្នុងការរៀបចំផ្ទាំងទិន្នន័យ ។ ក្រុមការងារទាំង ២ នឹងមានកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីពិភាក្សាបច្ចេកទេសបន្ថែមលើការអភិវឌ្ឍផ្ទាំងត្រួតពិនិត្យទិន្នន័យព័ត៌មានពីនីតិវិធីអនុវត្តការងារដែលបានកែសម្រួលតាមប្រព័ន្ធ FMIS ទាំងស្រុង នៅថ្ងៃខាងមុខ ។ ភាគីធនាគារពិភពលោកនឹងផ្ដល់ជូននូវករណីសិក្សា និង បទពិសោធន៍ពីបណ្ដាប្រទេសមួយចំនួន ដែលមានស្ថានភាពនៃការអនុវត្តថវិកានិងការគ្រប់គ្រងហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងកម្ពុជា ដើម្បីពន្លឿនការងារនេះឱ្យបានសម្រេចតាមគោលដៅកាន់តែឆាប់ ។


គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្នមានក្រសួង-ស្ថាប័នចំនួន ២៧ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល បានអនុវត្តនីតិវិធីការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្គលិកដែលមានគោលរបបច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាបទី១ ក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង ត្រៀមដាក់ឱ្យអនុវត្តលើនីតិវិធីអនុវត្តខាងលើទៅកាន់ក្រសួង-ស្ថាប័នកំពូលចំនួន ១០ បន្ថែមទៀត ។ តាមផែនការ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងដាក់ឱ្យអនុវត្តនីវិធីអនុវត្តការងារដែលមានហានិភ័យកម្រិតទី ២ និង ទី ៣ បន្តបន្ទាប់ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរ និង មានប្រសិទ្ធភាព ។